(ភ្នំពេញ)៖ លោក ថោង ខុន ប្រមុខដឹកនាំក្រសួងទេសចរណ៍ បានលើកឡើងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា មានបងប្អូនប្រជាពលរដ្ឋចូលរួមលេងកំសាន្ត នៅក្នុងឱកាសបុណ្យសមុទ្រនៅថ្ងៃទី២ (ថ្ងៃទី២៤ ខែធ្នូ) ដែលជាថ្ងៃបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួនជាង២០ម៉ឺននាក់។ អ្វីដែលជាពិសេសជាងនោះទៀត សម្តេចទាំងពីរបានចូលរួមលេងកំសាន្តជាមួយបងប្អូន ប្រជាពលរដ្ឋយ៉ាង រីករាយសប្បាយចិត្តក្រៃលែង រហូតដល់ចប់កម្មវិធីនាយប់ថ្ងៃសៅរ៍ម្សិលមិញ។ ដែលសកម្មភាពនេះបង្ហាញថា សម្តេចជាមួយប្រជាពលរដ្ឋគឺតែមួយ។
លោករដ្ឋមន្រ្តីដែលជំនាញលើវិស័យទេសចរណ៍រូបនោះបានបន្ថែមទៀតថា អ្វីៗដែលបង្កើតឲ្យមានព្រឹត្តិការណ៍បុណ្យសមុទ្រដ៏សំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកកាន់កម្ពុជា ទាំងជាតិ និងអន្តរជាតិ បូករួមទាំងភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តនៅពេលនេះ នោះគឺកើតចេញពីការ កសាងសុខសន្តិភាព ជាចំបង ទើបមានអ្វីៗកើតឡើងនៅពេលនេះ។ ដូច្នេះយើងត្រូវចូលរួមកសាងសន្តិភាពដែលកម្ររកបាននេះ ជាមួយប្រមុខរាជរដ្ឋាភិបាលរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន។
លោក ថោង ខុន ដែលមានបទពិសោធន៍ និងយល់ច្បាស់អំពីការទាក់ទាញទេសចរណ៍ បានបន្តលើកឡើងថា នៅព្រឹត្តិការណ៍បុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ ពិតជាទទួលបានមនុស្សមកលេង កំសាន្ត នៅខេត្តព្រះសីហនុរាប់សែននាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលជាមោទនភាពមួយរបស់កម្ពុជា ក្នុងការរៀបចំពិធីបុណ្យនេះទទួលបានជោគជ័យ។
ជាងនោះទៅទៀតលោករដ្ឋមន្រ្តី បានគាំទ្រនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញគោលការណ៍ឲ្យខេត្តចំនួន៤ នៅជាប់មាត់សមុទ្ររួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ត្រូវរៀបចំផែនការយ៉ាងណាកសាងទីតាំងជាមជ្ឈមណ្ឌល សំរាប់ស្នាក់នៅមានកន្លែងងូតទឺកសាប បង្គន់អនាម័យសាធារណះ.... ។ល។ សម្រាប់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលចង់មកលេងកំសាន្តនៅឆ្នេរសមុទ្រនឹងគេដែរ។
សូមជំរាបថា ក្រៅពីទទួលបានភាពជោគជ័យក្នុងការរៀបចំពិធីបុណ្យសមុទ្រនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងកោតសរសើរ ចំពោះលោក ថោង ខុន និងគណៈកម្មាធិការរៀបចំបុណ្យសមុទ្រ ព្រមទាំងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្របានយ៉ាងល្អ និងទទួលបាននូវការគាំទ្រពីមហាជន។ សម្រាប់ថ្ងៃទី២៣ (ថ្ងៃទី១)មានមនុស្សទៅលេងកំសាន្តប្រមាណជាង១០ម៉ឺននាក់, ថ្ងៃទី២៤ (ថ្ងៃទី២) មានប្រមាណជាង២០ម៉ឺននាក់ និងសម្រាប់ថ្ងៃទី៣ មិនទាន់ដឹងនៅឡើយនោះទេ៕