(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤០ អាណត្តិទី៥ ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម និងសិប្បកម្ម នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នេះ ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ មានការចូលរួមផងដែរពីសំណាក់អនុប្រធាន និងសមាជិក សមាជិកា ទាំងអស់នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងសមាជិកមកពីគ្រប់សាខាគណបក្ស និងអនុសាខាបក្ស ដែលនៅក្រោមចំណុះគណបក្ស ក្រសួងផងដែរ។
ក្រៅពីការផ្សព្វផ្សាយនូវលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស ជូនសមាជិក សមាជិកា បានជ្រាប អង្គប្រជុំក៏បានលើកឡើងពីគោលនយោបាយសំខាន់ៗ ចំនួន ១៣ចំនុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២។
បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយរួចមក អង្គប្រជុំក៏បានបន្តរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមក្បាលម៉ាស៊ីន ដឹកនាំក្រុមសកម្មជនយុវជនគណបក្សប្រជាជន ក្រសួង ដោយមានអង្គបោះឆ្នោតជាយុវជនក្រសួងចំនួនជាង ២៥០នាក់ និងយុវជនឈរឈ្មោះចំនួន ៦៥រូប ហើយត្រូវជ្រើសរើសចំនួន ១៦រូប អោយធ្វើក្រុមក្បាលម៉ាស៊ីនដឹកនាំយុវជនក្រសួង៕