(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត នឹងបើកយុទ្ធនាការណ៍ «ទីក្រុងស្អាត សុខភាពល្អ» ដោយបញ្ជួនរថយន្តសម្អាតផ្លូវរបស់ខ្លួន ទៅជួយសម្អាតផ្លូវនៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា បន្ទាប់ពីធ្វើសកម្មភាពលើកដំបូងនៅខេត្តព្រះសីហនុក្នុងអំឡុងពេលបុណ្យសមុទ្រ។
រថយន្តសម្អាតផ្លូវ ថ្មីស្រឡាងចំនួនពីរគ្រឿង របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលមានសមត្ថភាព បោស លាងសម្អាត និងបូមធូលីសើម ជាប្រភេទរថយន្តធុនធ្ងន់ ដែលក្រុមហ៊ុនទើបតែទិញចូលក្នុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានមានប្រសាសន៍ថា «ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត កំពុងពិភាក្សាជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តទូទាំងប្រទេស ដើម្បីរៀបចំគម្រោងបញ្ជួនរថយន្តសម្អាតផ្លូវទាំងពីរគ្រឿង ទៅសម្អាតផ្លូវតាមខេត្តនីមួយៗ។ គោលដៅរបស់យើងគឺសម្អាតផ្លូវក្នុងមួយខេត្ត រយៈមួយខែ»។
ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីតបានបញ្ជួនរថយន្តសម្អាតផ្លូវរបស់ខ្លួនទៅខេត្តព្រះសីហនុនៅថ្ងៃទី២១ ខែធ្នូ ហើយបានសម្អាតផ្លូវចំនួនបីខែ្សក្នុងខេត្តរហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ចាប់តាំងពីក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បើកដំណើរការក្នុងឆ្នាំ២០១១ ក្រុមហ៊ុនតែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការបរិស្ថាន។ កាលពីថ្ងៃទី២១ ខែធ្នូនេះ ក្រុមហ៊ុនបានទទួលលិខិតសរសើរពីក្រសួងបរិស្ថាន អំពីការអនុវត្តយន្តការអភិវឌ្ឍស្អាត និងការគ្រប់គ្រងសំណល់បានល្អ ដើម្បីរូមចំណែកលើកកម្ពស់ប្រតិបត្តិបៃតង និងមេត្រីភាពបរិស្ថាន។
ក្រៅពីលិខិតសរសើរនេះ ក្រុមហ៊ុនកក៏ធ្លាប់ទទួលបានវិញ្ញាបនបត្រISO បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថានពីចក្រភពអង់គ្លេសផងដែរ៕