(ភ្នំពេញ)៖ គេនៅចាំបានថា កាលពីប៉ុន្មានអាទិត្យមុនមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រឆាំងបានលើកឡើងថា នឹងមានការដោះលែងមន្រ្តីសង្គមស៊ីវិល និងមន្រ្តី គ.ជ.ប នៅបំណាច់ឆ្នាំ២០១៦នេះ ប៉ុន្តែនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី មន្រ្តីសង្គមស៊ីវិល និងមន្រ្តី គ.ជ.ប មិនទាន់ត្រូវបានតុលាការ កាត់ទោសជាស្ថាពរ ដើម្បីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈការស្នើសុំពីនាយករដ្ឋមន្រ្តី នៅឡើយនោះទេ។
សំណុំរឿងមន្រ្តីសង្គមស៊ីវិល និងមន្រ្តីគ.ជ.ប លោក នី ចរិយា ដែលមិនទាន់ចូលជាស្ថាពរនោះ ប្រហែលជាខាងស្ថាប័នតុលាការ ចង់ធ្វើការព្រមានដល់មន្រ្តី នយោបាយមួយចំនួន ដែលបានលើកឡើងថា នឹងមានការដោះលែងអ្នកទាំងនោះនៅបំណាច់ឆ្នាំចាស់ នេះដោយសារត្រូវរ៉ូវគ្នា រវាងបក្សនយោបាយទាំងពីរ។ នេះជាសិទ្ធិអំណាចទាំងស្រុងរបស់តុលាការ។
យើងទុករឿងមន្រ្តីសង្គមស៊ីវិល និងមន្រ្តីគ.ជ.ប មួយឡែកសិនចុះ ព្រោះថាមានអ្នកខ្លះចូលស្ថាពរ និងអ្នកខ្លះមិនទាន់នៅឡើយ ដូច្នេះមិនអាចទទួលបានការ លើកលែងពីព្រះមហាក្សត្រ ការស្នើសុំពីនាយករដ្ឋមន្រ្តី, ចុះយើងឆ្ងល់ថា សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ ដែលបានកាត់ទោសជាស្ថាពរដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការប្រព្រឹត្តិសកម្មភាពល្មើសច្បាប់នៅទីលានប្រជាធិបតេយ្យ បែរជាលោក កឹម សុខា មិនព្រមចេញមុខដោះស្រាយ ស្នើសុំសម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះមហាក្សត្រលើកលែងទោសដូចរូបលោក និងមេឃុំ ស៊ាង ចែត បែរជាទុកឲ្យគ្នាបន្តជាប់ឃុំយ៉ាងរងា នៅពន្ធនាគារព្រៃសរ បែរជាខ្លួនឯង និងលោកមេឃុំ ស៊ាង ចែត រួចទោសសប្បាយរីករាយយ៉ាងព្រងើយទៅវិញ នេះឬជាមេដឹកនាំដែលគិតគូរ សុខទុក្ខកូនចៅនោះ។
ពាក់ព័ន្ធនឹងបញ្ហាទាំងពីរនេះ មន្រ្តីអ្នកវិភាគនយោបាយជើងចាស់ដែលនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី បានទម្លាយថា ទំនងលោក កឹម សុខា មានការសន្យាអ្វីមួយ យ៉ាងសំខាន់ជាមួយនាយករដ្ឋមន្រ្តី ហើយលោក កឹម សុខា មិនទាន់បានធ្វើតាមការសន្យា ដូច្នេះទើបលោកមិនហ៊ានចេញមុខ ស្នើសុំនាយករដ្ឋមន្រ្តីម្តងទៀត។ ចំណុចមួយទៀត លោក យឹម សុវណ្ណ បាននិយាយថា ការលើកលែងទោសនេះគឺជារឿងត្រូវរ៉ូវគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ការលើកឡើងនេះលោក យឹម សុវណ្ណ ត្រូវទទួលខុសត្រូវចំពោះការនិយាយរបស់ខ្លួនឯង ព្រោះការលើកលែងទោសនេះគឺជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្រ្តី គឺមិនមែនដោយសារការចរចារ រវាងគណបក្សនយោបាយ និងគណបក្សនយោបាយនោះទេ។
មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងមួយរូប បានទម្លាយព័ត៌មានផ្ទៃក្នុងឲ្យដឹងថា ការព្រងើយកន្តើយរបស់លោក កឹម សុខា ដោយទុកឲ្យកូនចៅជាប់គុករងាយ៉ាងកំសត់ នៅព្រៃស បានធ្វើឲ្យមន្រ្តី CNRP ជាច្រើននាក់ខឹងសម្បារយ៉ាងខ្លាំង ក៏ព្រោះតែលោក កឹម សុខា បាននឹងកំពុងសំងំសោយសុខតែម្នាក់ឯង ក្រោយទទួលបានការ លើកលែងទោស បើយ៉ាងនេះមែននោះ ទាំងមន្រ្តីសង្គមស៊ីវិល, មន្រ្តីគ.ជ.ប និងសកម្មជនគាំទ្របក្សប្រឆាំងមួយចំនួនទៀត ដែលកំពុងជាប់ឃុំនោះ អាចនឹង ត្រូវរួចខ្លួននៅបំណាច់ឆ្នាំ២០៣០ហើយមើលទៅ ! Sic..
ដោយ៖ នាយកំសត់