(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានរៀបចំកម្មវិធីជួបជុំមហាគ្រួសារ អេ អឹម ខេ ឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
កម្មវិធីជួបជុំមហាគ្រួសារ អេ អឹម ខេ នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៣សំខាន់ៗ គឺ (១) បង្ហាញអំពីសមិទ្ធិផលសំខាន់ៗដែល អេ អឹម ខេ សម្រេចបានក្នុងឆ្នាំ ២០១៦ និងទិសដៅសម្រាប់ឆ្នាំ២០១៧ (២) ថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបានប្រឹងប្រែងបំពេញការងារយ៉ាងសកម្មជួយឲ្យ អេ អឹម ខេ ទទួលបានជោគជ័យទៅតាមផែនការអាជីវកម្មក្នុងឆ្នាំ២០១៦កន្លងមក (៣) ផ្តល់ឱកាសដល់បុគ្គលិកទាំងអស់បានជួបសំណេះសំណាល ផ្លាស់ប្តូរបទពិសោធន៍ និងរឹតចំ ណងមិត្តភាពគ្នាទៅវិញទៅមក។
ក្រៅពីការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ ជូនប្រជាជនក្រីក្រភាគច្រើន ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើង ។ អេ អឹម ខេ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដល់បុគ្គលិករបស់ខ្លួនដូចជា៖ ការលេងកីឡា ការចូលរួមក្នុងសកម្មភាពការងារសង្គមនានា ដើម្បីផ្តល់ឱកាសឲ្យពួកគាត់អាចចូលរួម និងមានទំនាក់ទំនងគ្នាកាន់តែជិតស្និត ជាពិសេសការចែករំលែកចំណេះដឹង បទពិសោធន៍គ្នាទៅវិញទៅមក។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានថ្លែងថា «ចាប់ពីទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០០៤មក អេ អឹម ខេ មានការរីកចម្រើនឥតឈប់ឈរទាំងវិសាលភាពប្រតិបត្តិការ ទំហំផលបត្រឥណទាន ចំនួនអតិថិជន ជាពិសេសចំនួនបុគ្គលិកបានកើនឡើង គួឲ្យគត់សម្គាល់ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ ការរីកចម្រើននេះ គឺដោយសារតែបុគ្គលិក អេ អឹម ខេ មានការតាំងចិត្តខ្ពស់ និងបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព»។
លោកប្រធាននាយកប្រតិបត្តិ បានឲ្យដឹងដែរថា គ្រឹះស្ថាន ឬស្ថាប័នមួយមានយុទ្ធសាស្រ្តផែនការល្អឥតខ្ចោះ ប៉ុន្តែខ្វះការចូលរួម និងការតាំងចិត្តពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រឹះស្ថាន ឬស្ថាប័ននោះមិនមានការរីកចម្រើន និងមិនអាចសម្រេចគោលដៅបានទេ។ ដូច្នេះការជួបជុំបុគ្គលិកនៅពេលនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមផ្តល់មតិយោបល់ដើម្បីធ្វើឲ្យ អេ អឹម ខេ សម្រេចគោលដៅបាននៅឆ្នាំបន្ទាប់។
លោកប្រធាននាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដោយមិនគិតពីពេលវេលា និងកំលាំងកាយចិត្តក្នុងរយៈពេលពេញ១ឆ្នាំមកនេះ ដែលបានជួយឲ្យ អេ អឹម ខេ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
លោកបានលើកឡើងទៀតថា «អេ អឹម ខេ មានគោលដៅសំខាន់ៗពីរ ដែលត្រូវសម្រេចឲ្យបាន គឺផ្នែកហិរញ្ញវត្ថុ និងសង្គម។ ដូចនេះយើងត្រូវប្រាកដក្នុងចិត្តថា រាល់ប្រាក់កម្ចីដែលបានផ្តល់ឲ្យអតិថិជនរបស់យើង គឺពួកគាត់ប្រើប្រាស់ចំគោលដៅ ដែលអាចជួយធ្វើឲ្យជីវភាពរបស់គាត់ មានការរីកចម្រើនជាងមុន»។
នៅក្នុងឱកាសដ៏មហោឡារិកនេះ ក៏មានការរៀបចំកម្មវិធីពិសេសៗមួយចំនួនដូចជា៖ ការប្រគល់ពានរង្វាន់ជូនសាខាឆ្នើម ដែលផ្តល់សេវាអតិថិជនល្អប្រចាំឆ្នាំ២០១៦ ការប្រគល់លិខិតសរសើរដល់បុគ្គលិក ដែលបានបម្រើការងារជាមួយ អេ អឹម ខេ រយៈពេល១០ឆ្នាំ ការប្រគល់រង្វាន់ដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ការប្រគល់ពានរង្វាន់ការប្រកួតបាល់ទាត់ប្រចាំឆ្នាំ២០១៦ ការប្រគល់ពានរង្វាន់ផ្សេងៗទៀត និងជាពិសេសក៏មានការចាប់រង្វាន់ផ្តល់សំណាង ដល់បុគ្គលិកដែលបានចូលរួមទាំងអស់ផងដែរ។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ អេ អឹម ខេ មានបុគ្គលិកសរុបជាង ២.៣០០នាក់ អតិថិជនសរុបជាង៥២ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ១៤៩លានដុល្លារអាមេរិក ការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែងនៅទូទាំងប្រទេស និង មានភ្នាក់ងារជាង២.៥០០កន្លែង។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕