Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បន្តព្រមានខ្លាំងៗលើអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវតែទទួលខុសត្រូវចំពោះការបង្កើតបដិវត្តន៍ពណ៌ ដែលបណ្តាលឱ្យមានសង្រ្គាម និងសម្លាប់មនុស្សរាប់លាននាក់ (Video inside)

24-12-2016 23:25

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានខ្លាំងៗដល់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ដែលបានបង្កើតឲ្យមានបដិវត្តន៍ពណ៌នៅមជ្ឈឹមបូព៌ានោះ ឱ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដែលបណ្តាលឱ្យមានសង្គ្រាម និងការសម្លាប់មនុស្សរាប់លាន។ ជាមួយគ្នានេះ សង្រ្គាមនេះក៏បានបណ្តាលឱ្យពលរដ្ឋនៅមជ្ឈឹមបូព៌ាជាច្រើន ត្រូវភៀសខ្លួនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងពិធីបើកបុណ្យសមុទ្រឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យរក្សាសន្តិភាពនៅកម្ពុជាឱ្យបាន កុំឱ្យធ្លាក់ក្នុងសង្រ្គាមឡើងវិញដូចកាលពី ៣០ឆ្នាំមុន។

ដោយរំលឹកអំពីការបង្កើតសង្រ្គាមនៅប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសដល់សហរដ្ឋអាមេរិក ដែលបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា កាលពីឆ្នាំ១៩៧០។ សម្តេចមានប្រសាសន៍ថា ការធ្វើរដ្ឋប្រហារនេះហើយ បានបង្កើតឱ្យមានសង្គ្រាមនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំ ហើយថា ក៏ព្រោះតែមានរដ្ឋប្រហារនេះហើយ បានបង្កើតឱ្យមានខ្មែរក្រហមសម្លាប់មនុស្សផងដែរ។

សម្តេចបានចោទជាសំណួរថា តើអាមេរិកគួរតែទទួលពានអំពីការធ្វើបែបនេះ ឬត្រូវយកទៅកាត់ទោសនៅតុលាការអន្តរជាតិ ចំពោះការបង្កើតសោកនាដកម្មស្លាប់មនុស្សរាប់លាននាក់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា ក្រោយពីធ្វើបដិវត្តន៍ហើយ កំពុងមានសង្រ្គាមកាប់សម្លាប់គ្នាបន្តទៀត ដែលមិនខុសពីកម្ពុជាជំនាន់មុននោះទេ។ សម្តេចថ្លែងថា នៅប្រទេសកម្ពុជា អាមេរិកបានទម្លាក់សម្តេច នរោត្តម សីហនុ ហើយនៅមជ្ឈឹមបូព៌ា អាមេរិកបានទម្លាក់ សាដាម ហូសេន ដែលធ្វើឱ្យមានសង្រ្គាមកើតឡើង។

សម្តេចមានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនគួរដើរប្រដៅប្រទេសដទៃទៀត ឱ្យធ្វើតាមខ្លួននោះទេ។ តើហេតុអ្វីបានជាប្រទេសដែលបានជំរុញឱ្យមានបដិវត្តន៍ពណ៌នោះ មិនចេញមកអបអរសាទរនៅមជ្ឈឹមបូព៌ាពេលនេះ។

សម្តេចបានបញ្ជាក់ថា នេះហើយដោយសារតែការនិយាយថា ផ្លាស់ប្តូរ។ សម្តេចថា ការផ្លាស់ប្តូរណាក៏ដោយមិនត្រូវធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្រ្គាម។ មិនគួរគ្រាន់តែស្អប់សម្តេចតែម្នាក់ និងគណបក្សប្រជាជនកម្ពុជា បែរជាបង្កឱ្យមានអស្ថិរភាពនៅកម្ពុជានោះទេ។ សម្តេចក៏បានបន្តមានប្រសាសន៍ អ្នកជំរុញបដិវត្តត្រូវចេញមុខទទួលខុសត្រូវរឿងជនភៀសខ្លួន និងបន្តផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសនៅមជ្ឈឹមបូពា៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងវេទិកាបើកសម្ពោធពិធីបុណ្យសមុទ្រ៖