(ភ្នំពេញ)៖ ពិធីសម្ពោធស្នាក់ការគណបក្សប្រជាជន ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាពលោកបណ្ឌិត ប៉ែន បញ្ញា សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មធិការកណ្ដាលគណបក្សប្រជាជន និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។
ស្នាក់ការគណបក្សប្រជាជន ឃុំគោខ្ចកស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានចាប់ផ្ដើមសាងសង់ ដើម្បីជាប្រយោជន៍គណបក្សចាប់ផ្ដើមពីដើមឆ្នាំ២០១៦ និងរួចរាល់ជាស្ថាពរនៅ ខែតុលា ឆ្នាំ២០១៦ ដោយចំណាយអស់ទឹកប្រាក់ ៤០,៥១៩ដុល្លារអាមេរិច (គិតទាំងទិញដីបន្ថែមចាក់ពង្រាបដីនៅបរិវេណស្នាក់ការ អគារ០១ខ្នង ខ្លោងទ្វា របង បន្ទប់ទឹក អណ្ដូងទឹក រោងបាយ ប្រព័ន្ធអគីសនីដោយថាមពលព្រះអាទិត្យផ្ទាំងសូឡា)។
ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំគោខ្ចក ដែលបានផ្ដួចផ្ដើមកសាងស្នាក់ការនេះឡើង និងបានសំរេចជាស្ថាពរ និងបានដំណើរការសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងពិធីសម្ពោធនេះ មានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងនាយកសាលា មានប្រមាណ ១០០០នាក់ចូលរួម។ ក្នុងនោះដែរក្រុមការងារថ្នាក់ស្រុក និងឃុំទាំងអស់ក្នុងស្រុកកំពង់ត្របែក និងក្រុមការងារចុះជួកឃុំគោខ្ចកក៏មានវត្តមានក្នុងពិធីសម្ពោធនេះដែរ។
ក្នុងពិធីសម្ពោធ គណៈអធិបតីបានចែកជូនអ្នកចូលរួមថវិការចំនួន ១០,០០០រៀល ក្នុងម្នាក់ៗ មាននំបុ័ង និងទឹកសុទ្ធផងដែរ។ ដោយឡែកឯកឧត្តមបណ្ឌិត ប៉ែន បញ្ញាក៏បានជួយឧបត្ថម្ភកៅអីចំនួន ១០០ ដល់ស្នាក់ការឃុំគោខ្ចកសំរាប់ប្រើប្រាស់ផងដែរ៕