(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងផលិតក្រដាសពន្ធ កាតគ្រីម៉ូតូ កាតគ្រីឡាន លតាប័ត្រ ប័ណ្ណបើកបរម៉ូតូ ក្រដាសឈៀករថយន្តក្លែងក្លាយដ៏ធំមួយកន្លែងស្ថិតនៅផ្ទះលេខ ៧១A ផ្លូវលេខ ០៩ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ដឹកនាំដោយលោក ចែ សុង ព្រះរាជាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ, លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោរួម សហការជាមួយមន្រ្តីគយនឹងមន្រ្តីពន្ធដារ សាខាខណ្ឌដង្កោ ដោយឃាត់ខ្លួនបានមនុស្សម្នាក់ និងឆែកឆេររកឃើញសម្ភារនឧបករណ៍ផលិតមួយចំនួនធំ ។
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានធ្វើការឆែកឆេរទីតាំងផលិតរកឃើញសម្ភារចំនួន១៥មុខ ប៉ុន្តែមានតែ៦មុខទេដែលក្រុមសង្ស័យទាំងនោះ យកទៅចែកចាយលក់ជូនបងប្អូនប្រជាពលរដ្ឋទូរទាំងរាជធានី ខេត្តក្នុងតម្លៃទាប។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានថ្លែងថា មុននឹងឈានដល់ការបង្ក្រាបទីតាំងខាងលើនេះ ដំបូងឡើយលោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើថា មានមនុស្សចេញចូលច្រើន ហាក់មានអ្វីបង្ក្រប់នៅក្នុងនោះ ដូច្នេះលោកបានដាក់កម្លាំងតាមដានអស់រយៈពេលជិត៣ខែមកហើយ ទើបនៅល្ងាចថ្ងៃទី២៣ ខែធ្នូម្សិលមិញនេះ មានបុរសម្នាក់ជាបុគ្គលិកដែលបម្រើការក្នុងទីតាំងខាងលើបានជិះម៉ូតូដឹកសម្ភារមួយកាបូបស្ពាយចេញពីទីតាំងសង្ស័យ ដូច្នេះកម្លាំងលោកក៏បានជិះតាមនឹងធ្វើការឃាត់ខ្លួនសួរនាំនៅចំណុចផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ ជាក់ស្តែងរកឃើញពន្ធក្លែងក្លាយចំនួន៦មុខ រួមមានក្រដាសកលតាប័ត្រពន្ធផ្លូវ កលតាប័ត្រពន្ធគយ កាត់គ្រីម៉ូតូ កាត់គ្រីឡាន នឹងក្រដាសឈៀករថយន្ត ប័ណ្ណបើកបរយានជំនិះ។
លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងកោតសរសើដល់កម្លាំងនគរបាលខណ្ឌដង្កោ ដែលបានបង្រ្កាបទីតាំងផលិតពន្ធក្លែងក្លាយនេះ ព្រោះបើសិនជា ទីតាំងនេះនៅដំណើរការនោះគឺរដ្ឋបានបាត់បង់ចំណូលយ៉ាងធំធេង។ ហេតុនេះតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញនឹងចាត់វិធានការកសាង សំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យដែលឃាត់បាន នេះទៅនឹងសួរនាំស្រាវជ្រាវតាមចាប់បក្សពួកបន្តទៀត។
ប្រធានសាខាពន្ធដាខណ្ឌដង្កោ លោក អេង ទីតា បានថ្លែងប្រាប់អ្នកព័ត៌មានថា ប្រតិបត្តិការមួយ នេះជាជោគជ័យដ៌ធំធេងណាស់ ដែលកម្លាំងរបស់អធិការខណ្ឌដង្កោ ធ្វើការបង្ក្រាបបទល្មើសបាន ព្រោះបទល្មើសវាជះទ្ធិពលខ្លាំងដល់ការប្រមូលចំណូលជាតិទាំងពន្ធដារ យើងបានពិនិត្យឃើញស្រាប់ហើយទៅលើរថយន្តគ្រប់ប្រភេទភាគច្រើនមានកសារក្លែងក្លាយ ដែលធ្វើឲ្យបាត់បង់ចំណូលជាតិនឹង ធ្វើបាត់សេចក្តីទុក្ខចិត្តអ្នកចុះពន្ធផងដែរ ដូច្នេះការបង្ក្រាបបទល្មើសនេះគឺជាជោគជ័យធំណាស់។
លោកបន្តថា បើសិនជាទុក្ខឲ្យជនទាំងនេះបន្តប្រព្រឹត្តបទល្មើសតទៅទៀតយើងមានបញ្ហាច្រើន បាត់ជំនឿពីប្រជាពលរដ្ឋ ជាពិសេសបាត់បង់ចំណូលជាតិជាធំ ហើយសង្ឃឹមថាកម្លាំងសមត្ថកិច្ចនឹងសហការគ្នាបន្តបង្ក្រាបបទល្មើសណាដែលធ្វើប៉ះពាល់ដល់ចំណូលជាតិ និងប៉ះពាល់បញ្ហាផ្សេងៗ។
លោក ធៀម ថា ប្រធានសាខាគយខណ្ឌដង្កោបានលើកឡើងថា ពន្ធឡានមួយគ្រឿងតម្លៃរាប់ពាន់ដុល្លារ ហើយបើទីតាំងដែលបង្ក្រាបនាពេលនេះនៅបន្តអាជីវកម្មគឺ រដ្ឋបានបាត់បង់ចំណូលច្រើន ព្រោះដោយសារអាជីវកម្មនេះអាចធ្វើកលតាប័ត្រពន្ធគយលក់ជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ក្នុងថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦នេះ កម្លាំងចម្រុះបានចុះដកហូតយកសម្ភារក្នុងទីតាំងផលិតយកទៅរក្សាទុក្ខបណ្តោះអាសន្នរង់ចាំចំណាត់ការ ហើយក្នុងរង្វង់ប្រតិបត្តិការណ៍ខាងលើនេះសមត្ថកិច្ចក៏ដូចជាមន្រ្តីជំនាញនៅមិនទាន់អាចបញ្ជាក់ថា ទីទាំងខាងលើបានផលិតនឹងចែកចាយក្រដាសកលតាប័ត្រពន្ធផ្លូវ កលតាប័ត្រពន្ធគយ កាត់គ្រីម៉ូតូ កាត់គ្រីឡាន នឹងក្រដាសឈៀករថយន្ត ប័ណ្ឌបើកបរយានជំនិះ បានប៉ុន្មានទេ ហើយសរុប ជាថវិកាក៏នៅមិនអាចបញ្ជាក់បានឡើយ ដោយសារកំពុងបន្តនិតីវិធីសាកសួរទៅលើកជនដែលប្រព្រឹត្តបទល្មើស៕