(ភ្នំពេញ)៖ ដូចការគ្រោងទុកកិច្ចសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាមកពីខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ សរុប ៦,៣៥២ នាក់ បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងនោះអតីតយុទ្ធជនទីទ័លក្រគ្មានផ្ទះសម្បែង ១៧គ្រួសារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមផ្តល់ផ្ទះជូនពួកគេ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បន្ទាប់ពីបានបញ្ចប់ការចុះសាកសួរអតីតយុទ្ធជនកម្ពុជានៅតាមបណ្តាខេត្តហើយនោះ នៅក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ (២១-២៤ ធ្នូ) បានបន្តបើកការសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញសរុបជាង ៦ពាន់នាក់ បើទោះបីលោកមានបញ្ហាសុខភាពក៏ដោយនោះ។
កិច្ចសំណេះសំណាលជាមួយអតីតយុទ្ធជន ដែលមិនធ្លាប់មានពីមុនមកនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីទុក្ខលំបាករបស់អតីត យុទ្ធជន ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និង ដើម្បីដោះស្រាយបញ្ហាជាកង្វល់របស់អតីតយុទ្ធជន ក្នុងទិសដៅលើកកម្ពស់ជីវភាពរបស់ពួកគេឲ្យកាន់តែប្រសើរ។
តាមរយៈកិច្ចសំណេះសំណាលរយៈ៤ថ្ងៃនេះ នាយឧត្តមសេនីយ៍ គន់ គីម បានរកឃើញអតីតយុទ្ធជនកម្ពុជា និងគ្រួសារអតីតយុទ្ធជន ១៧គ្រួសារកំពុងជួបបញ្ហាក្នុងជីវភាពខ្វះផ្ទះសម្បែង ហើយក៏បានលើកសំណើសុំសម្តេចតេជោ ហ៊ុន សែន និងបានសម្រេចសាងសង់ផ្ទះ ជូនពួកគេផងដែរ។
ក្នុងកិច្ចសំណេះសំណាលរយៈពេល ៤ថ្ងៃនេះ នាយឧត្តមសេនីយ៍ គន់ គីម តែងបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ក៏ ដូចជាអាជ្ញាធរ ឲ្យបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខរបស់អតីតយុទ្ធជន ហើយត្រូវរកគ្រប់វិធីដោះស្រាយបញ្ហារបស់អតីតយុទ្ធជន ដែលជាអ្នកបានសាងគុណបំណាច់យ៉ាងច្រើនសម្រាប់ជាតិមាតុភូមិ។
លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងក្នុងថ្ងៃបិទបញ្ចប់កិច្ចសំណេះសំណាលនាថ្ងៃ២៤ ធ្នូ នេះថា «ពិតមែនតែការជួបជុំបងប្អូនមានលក្ខណៈទ្រង់ទ្រាយធំ ត្រូវបានបញ្ចប់ ប៉ុន្តែខ្ញុំស្នើឲ្យថ្នាក់ដឹកនាំសមាគម ថ្នាក់រាជធានី ខណ្ឌ និងសាខាសង្កាត់ ត្រូវបែងចែកភារកិច្ចគ្នាបន្តចុះជួបបងប្អូនយើង តាមភូមិ សង្កាត់ ដែលទទួលខុសត្រូវ ដោយប្រមូលផ្តុំជួបជុំគ្នាជាក្រុមតូចៗ ពី១០ ទៅ ២០នាក់ ឬ តាមក្រុមគ្រួសារនីមួយៗ ដើម្បីសួរសុខទុក្ខពិគ្រោះយោបល់គ្នាផង និងស្វែងយល់ពីស្ថានភាពជីវភាព ស្ថានភាពសុខភាពរបស់បងប្អូន និងគ្រួសារផង ហើយត្រូវរិះរកគ្រប់លទ្ធភាពជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ករណីបងប្អូន ឬ សមាជិកក្នុងគ្រួសារ ជួបការលំបាក ក្នុងជីវភាព ឬ មានគ្រោះថ្នាក់ មានជំងឺត្រូវការជំនួយសង្គ្រោះបន្ទាន់ ឬ បើមានបងប្អូនណាម្នាក់ ទទួលមរណភាព ត្រូវចលនាគ្នាសហការគ្នា ជួយរៀបចំបុណ្យសពឲ្យបានឧឡារិកបំផុត»។
ក្នុងកិច្ចសំណេះសំណាលរយៈពេល ៤ថ្ងៃនេះ ក៏មានមន្រ្តីរាជរដ្ឋាភិបាល និងសប្បុរសជនជាច្រើន បានផ្តល់ថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ទ្រទ្រង់ដល់កម្មភាពជួយអតីតយុទ្ធជន។ នាយឧត្តមសេនីយ គន់ គីម បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់។ លោកថា ការបរិច្ចាគថវិកាសុទ្ធតែជាអំពើសប្បុរស ជាវប្បធ៌មចែករំលែក ក្នុងស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក របស់សមាគម ដែលចាំបាច់ត្រូវបន្តអនុវត្តឲ្យបានជាប្រចាំ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់អតីតយុទ្ធជន ក្នុងគ្រាកំពុងមានទុក្ខ ជួបអាសន្នអន់ក្រ។
អតីតយុទ្ធជនសុទ្ធតែបានបង្ហាញក្តីរំភើបរីករាយ និងត្រេកអរចំពោះការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសមាគមអតីតយុទ្ធជន។
លោក យិន សន យោធិនចូលនិវត្តន៍ នៅភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បានថ្លេងថា «ពីពេលនេះតទៅ ខ្ញុំលែងខ្វល់ខ្វាយ ឬ ព្រួយបារម្ភអីទៀតហើយ ព្រោះបើខ្ញុំមានបញ្ហា ឬ សំណូមពរអ្វីផ្សេងៗ យើងខ្ញុំ មានសមាគមជួយអន្តរាគមន៍ដោះស្រាយ មិនលំបាក ដូចពេលកន្លងមកនោះទេ ។ សូម សម្តេចតេជោ សែន ធ្វើជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជារៀងរហូត ដើម្បីផ្តល់ជាម្លប់ត្រជាក់ និងជាក្តីសង្ឃឹម ដល់អតីតយុទ្ធជនកម្ពុជាយើង»។
លោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានសម្តែងការគោរពដឹងគុណ ចំពោះវីរអតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលបានធ្វើពលីកម្ម ដើម្បីជាតិ និង ប្រជាជន។ លោកស្រីថា បើគ្មានការលះបង់របស់អតីតយុទ្ធជនទេ ក៏គ្មានអ្វីៗ ទាំងអស់ ដូចថ្ងៃនេះដែរ នេះជាសច្ចធ៌មប្រវត្តិសាស្ត្រ ដែលមិនអាចប្រកែកបានឡើយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន រាជធានីភ្នំពេញ បានប្តេជ្ញា ខិតខំឲ្យអស់ពីលទ្ធភាពក្នុងការបំពេញភារកិច្ច បម្រើ និងផ្តល់សេវា ជូនអតីតយុទ្ធជន អោយបានសមស្រប តាមគោលនយោបាយ របស់សមាគមអតីតយុទ្ធជនកម្ពុជា៕