(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងឲ្យដឹងក្រសួងនឹងខិតខំធ្វើការវិនិយោគលើវិស័យកីឡាឲ្យមានភាព រីកចម្រើចបន្ថែមទៀតដោយគៀរគរវិស័យជនមកចូលរួម ។ បើមាន លទ្ធភាពនោះក្រសួងនឹង ប្រើប្រាស់ថវិការរបស់ក្រសួងអប់រំក្នុងការអភិវឌ្ឍន៍វិស័យកីឡានេះផងដែរ ។
លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ថា៖ «ខ្ញុំក៏សុំលើកទឹកចិត្ត ដល់សាកលវិទ្យាល័យមានក្រុមកីឡាករ ប្រចាំសាកលវិទ្យាល័យ ហើយបើយើង ប្រកួតដណ្តើមរង្វាន់ ហើយក្រុមណាស្នើម នោះក្លាយជាក្រុមជម្រើសជាតិ។ ទន្ទឹមនឹងនោះក្រសួងនឹងរៀបចំកីឡាផ្សេងៗទៀតដែរ»។
ក្រៅពីនោះលោករដ្ឋមន្រ្តីក៏បានជំរុញ និងលើកទឹកចិត្តដល់សាកលវិទ្យាល័យទំាងអស់ក្នុងទូទំាងប្រទេសត្រូវមានកីឡាករ សម្រាប់ប្រកួតប្រជែងគ្នា។
ថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីសម្ភោធដាក់ឲ្យដំណើរជាផ្លូវការនូវទីលានបាល់ទាត់ និងអគារផ្លាស់សម្លៀកបំពាក់កីឡាករ កីឡាការិនីនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ។
លោករដ្ឋមន្ត្រីបានក៏បានលើកឡើងថា ការរៀបចំឲ្យមានទីលានកីឡាក៏ជា ផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានលក្ខណៈពេញលេញ មានន័យថានិស្សិតត្រូវមានទំាងចំណេះដឹង ចំណេះធ្វើ និងកាយសម្បទានរឹងមំា។
លោកបញ្ជាក់ថា «កីឡាក៏ជាមួយផ្នែកមួយ នៃការរៀនសូត្រផងដែរ។ ព្រោះថាបើយើងរៀនច្រើន យើងក៏មានអារម្មណ៍ធុនថប់ ហើយការហាត់កីឡា ក៏អាចជួយការរៀនសូត្របានដំណើរល្អប្រសើរផងដែរ។ កីឡារមិនត្រឹមតែធ្វើឲ្យកាយសម្បទារឹងមាំនោះទេ ថែមទំាងធ្វើឲ្យស្មារតីរឹងមាំ ផងដែរ ហើយការចង់ចាំក៏បានល្អដែរ»។
លោករដ្ឋមន្ត្រីបន្ថែមថា ដោយសារតែក្រសួងពង្រឹងពហុដ្ឋាកីឡាដល់ខ្នាតអន្តរជាតិ ទើបកម្ពុជាបានទទួលឱកាសរៀបចំការប្រកួតមានលក្ខណៈអន្តរជាតិ។ លោកបញ្ជាក់ថា «ដោយសារតែយើងមានលក្ខណៈអន្តរជាតិ ទើបអង្ការ FIFA (សហព័ន្ធប្រកួតបាល់ទាត់ពិភពលោក) អនុញ្ញាតឲ្យកម្ពុជារៀបចំបាល់ទាត់នៅកម្ពុជា។ ហើយកន្លងមកនេះ វិស័យកីឡាបាល់ទាត់កម្ពុជា ក៏បានចូលរួមទាត់ជាលក្ខណៈអន្តរជាតិផងដែរ។ វិស័យបាល់ទាត់នៅកម្ពុជាកំពុងតែ ធ្វើឲ្យយុវជនចាប់អារម្មណ៍ និងចូលរួមយ៉ាងខ្លំាង»។
ក្នុងឱកាសនោះ លោក ជាត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាភូមិន្ទភ្នំពេញក៏បាន ឲ្យដឹងការសង់សង ទីលានបាល់ទាត់ និងអគារផ្លាស់សម្លៀកបំពាក់កីឡាករ កីឡាការិនី បានចំណាយថវិការអស់ចំនួន២៩០០លានរៀល។
លោកថា ការសាងសង់នេះ ដើម្បីនិស្សិតហាត់ និងទាល់បាល់នៅពេលសម្រាកពីការសិក្សា ឬម៉ោងទំនេរដើម្បីឲ្យសុខភាពរឹងមំា។
គួរបញ្ជាក់ថាផងដែរថា នៅក្នុងពិធីសម្ភោធនោះដែរ ក៏មានការប្រកួតបាល់់ទាត់មិត្តភាព របស់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតាមមុខវិជ្ជាជាច្រើនគូរផងដែរ៕