(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ម៉ាឈឿន ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី សន្និបាតគណៈកម្មាធិការគណបក្សឃុំ សូទិព្វ ស្រុកព្រៃឈរ ដើម្បីបោះឆ្នោតស្ទាបស្ទង់ប្រជាប្រិយភាព លើបេក្ខជនក្រុមប្រឹក្សាឃុំគណបក្សប្រជាជន សម្រាប់ត្រៀមឈរឈ្មោះប្រកួតប្រប្រែង បោះឆ្នោតក្រុមប្រឹក្សាឃុំនាពេលខាងមុខ។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ម៉ាឈឿន បានថ្លែងទៅកាន់សមាសភាពអង្គបោះឆ្នោត ដែលចូលរួមបោះឆ្នោត របស់ក្រុមប្រឹក្សាបក្ស ដែលមានចំនួន ប្រមាណជិត៤០០នាក់ ថា ខណៈដែលការបោះឆ្នោត ថ្នាក់ឃុំសង្កាត់ កាន់តែខិតជិតមកដល់នេះ ខ្ញុំសូមរម្លឹកជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋថា កន្លងមក ការលើកឡើងរបស់បក្សប្រឆាំង ដែលថា បើបក្សនេះជាប់ឆ្នោត នឹងលុបបំណុលឲ្យប្រជាពលរដ្ឋ ដែលជំពាក់គេ នោះជាការភូតកុហក់បោកប្រាស់នោះទេ។
លោកនាយឧត្តមសេនីយ៍ បន្ដថា នៅលើពិភពលោកនេះ មិនមានប្រទេសណាមួយអាចលុបបំណុល ឲ្យប្រជាពលរដ្ឋ ពេលផ្លាស់ប្តូរមេដឹកនាំនោះឡើយ មានតែរបបខែ្មរក្រហម គ្មានច្បាប់ទម្លាប់តែប៉ុណ្ណោះ ដែលធ្វើទៅកើតតាមរយៈអំពើឃោឃៅ គំរាមកំហែង កាប់សំលាប់ប្រជាជន ដែលនាំប្រទេសជាតិរងទុក្ខវេទនាបំផុតនោះ ព្រោះប្រទេសជាតិមានច្បាប់ អ្នកប្រកបមុខរបរឲ្យលុយខ្ចី និងអ្នកទៅខ្ចីលុយគេ សុទ្ធតែមានកិច្ចសន្យា ព្រមព្រាងគ្នា តាមនិតិវិធីនៃកម្ចី។
លោកនាយឧត្ដមសេនីយ៍បន្ថែមថា ទោះរដ្ឋាភិបាលណា ក៏មិនមានសិទ្ធលុបបំណុល ជួយអ្នកជំពាក់បំណុលនោះកើតដូច ការលើកឡើង របស់បក្សសង្គ្រោះជាតិ ហើយរដ្ឋាភិបាល អាចធ្វើទៅបាន ក្នុងការជម្រុញអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងផ្នែកឯកជនផ្សេងទៀតដែលរកស៊ីចងការប្រាក់នោះ បញ្ចុះការប្រាក់។ ពិសេសកន្លងមករាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុនសែន បានខិតខំធ្វើបញ្ហានេះជារៀងរហូតមក ដើម្បីជួយសម្រួលដោះស្រាយ កំពុងខិតខំកាត់បន្ថយការចំណាយច្រើន របស់ពលរដ្ឋ ដូចជាខិតខំធ្វើឲ្យ ប្រេងចុះថោក ជួយរកទីផ្សារឲ្យស្រូវឡើងថ្លៃ កាត់បន្ថយការ ភីស៊ីមួយចំនួន និងបញ្ឈប់មិនឲ្យយកកំរៃ លើលិខិតស្នាមខ្លះទៀត នៃឯកសារគ្រួសារ ដែលប្រជាពលរដ្ឋទៅធ្វើនោះ ។
ចុងបញ្ចប់ លោកឧត្តមនាយឧត្តមសេនីយ៍បានថ្លែងទៅកាន់ប្រជាពលរដ្ឋស្រុកជើងព្រៃថា យើងបន្តជឿជាក់មកលើការដឹកនាំរបស់គណៈគណបក្សប្រជាជន ពិតជាធ្វើឲ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ ប្រជាជនមានជីវភាពជាលំដាប់៕