(កណ្តាល)៖ លោកស្រី ឃួន សុដារី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ បានចុះផ្សព្វផ្សាយនូវលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។
លោកស្រី ឃួន សុដារី បានលើកបង្ហាញលំអិតនូវលទ្ធផលស្នូលទាំង ១២ចំណុច ដែលអង្គសន្និបាតបានសម្រេច ព្រមទាំងបានលើកបង្ហាញនូវស្មារតីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិរបស់គណបក្សផងដែរ។
លោកស្រី ឃួន សុដារី ក៏បានជម្រាបសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកលើកដែកផងដែរ ពីការជំរុញរបស់សម្តេចតេ ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យសមាជិក សមាជិកា និងគណៈពង្រឹងការងារទាំងអស់ ដាក់មុខព្រួញចុះមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យបានល្អប្រសើរ។
លោកស្រី ឃួន សុដារី ក៏បានបង្ហាញដែរថា ស្និបាតគណបក្សប្រជាជនកម្ពុជា បានគាំទ្រពេញទំហឹងចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនសម្រាប់ប្រទេសជាតិ។
ជាមួយគ្នានោះ លោកស្រី ឃួន សុដារី ផ្តាំផ្ញើដល់សមាជិក សមាជិកា ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងបក្ស និងក្នុងក្រុមបេក្ខជនក្រុមប្រឹក្សាឃុំ ហើយត្រូវធ្វើសកម្មភាពឲ្យបានកាន់តែសកម្មថែមទៀត ក្នុងការដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ លោកស្រីថា ត្រូវតែប្រឹងប្រែងផ្តល់នូវភាពកក់ក្តៅ និងជំនឿចិត្តដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕