(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមបដិសេធទាំងស្រុងលើរាល់ខ្លឹមសារដែលវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បានផ្សាយអត្ថបទរបស់ខ្លួនមានចំណងជើងថា «មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចព្រមានអំពីលទ្ធភាពចាញ់ឆ្នោត បើមន្រ្តីបក្សជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ» កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
ក្រសួងបរិស្ថានសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលបានបំភ្លៃព័ត៌មានខុសពីការពិតទាំងស្រុងក្នុងចេតនាទុច្ចរិត បំពុលបរិយាកាសនយោបាយនៅកម្ពុជាដែលកំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាក់ស្តែង នៅក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧» កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានក្រើនរំឮកមន្ត្រីរាជការទាំងអស់ឱ្យខិតខំប្រឹងប្រែងបំពេញការងារ បម្រើផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនដោយស្មោះត្រង់។ អ្វីដែលវិទ្យុសំឡេងសហរដ្ឋអាមេរិកបានផ្សាយនេះ គឺជាការបកស្រាយបំភ្លៃន័យដើម ដើម្បីបម្រើនិន្នាការនយោបាយផ្ទាល់ខ្លួន ដែលនេះជាការប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាំងស្រុង៕