(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរពេទ្យជោរៃភ្នំពេញនឹងមានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺស្ពោតឆ្អឹង និងសឹកសន្លាក់ រួមនឹងផ្តល់ឱសថជូនដោយឥតគិតថ្លៃដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម សម្រាប់អ្នកជំងឺថ្មីដែលបានមកចុះឈ្មោះ៥០ នាក់ដំបូង។
បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញសហការជាមួយក្រុមហ៊ុនឱសថបDHG Pharma បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺស្ពោតឆ្អឹង និងសឹកសន្លាក់ ដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូងក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាមមានបទពិសោធន៍ខ្ពស់មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញប្រទេសវៀតណាម។
នេះ គឺជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាពប្រកបដោយគុណភាពពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាមដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើបដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
ជាងនេះទៅទៀត គឺជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារសំខាន់នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាលឱ្យបានសមស្របបំផុត។ កម្មវិធីពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា។ សម្រាប់ខែមករា ឆ្នាំ២០១៧ខាងមុខនេះ គឺជាកម្មវិធីពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម។
អ្នកជំងឺអាចចុះឈ្មោះនៅថ្ងៃនេះ តាមរយៈខ្សែទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បីបានទទួលការពិនិត្យដោយផ្ទាល់ពី លោកបណ្ឌិត ង្វៀន ឌិញខា ឯកទេសជំងឺសន្លាក់-ឆ្អឹង៕