(ភ្នំពេញ)៖ ឌុយមិចកម្ពុជាជាមួយនឹងគំនិតផ្ដួចផ្ដើមគំរោងទំនួលខុសត្រូវសង្គមរបស់ខ្លួនបានបរិច្ចាគទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ ទៅដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី 21 ខែធ្នូ ឆ្នាំ ២០១៦ ក្នុងគោលបំណងគាំទ្រប្រតិបត្តការណ៍ប្រចាំថ្ងៃ ក៏ដូចជាបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា។
លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានទទួលយកនូវការបរិច្ចាគមូលនិធិនេះ ព្រមទាំងសម្ដែងនូវការអរគុណដល់ឌុយមិចកម្ពុជាចំពោះគំនិតផ្ដួចផ្ដើមគំរោងទំនួលខុសត្រូវសង្គម ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តការណ៍ប្រចាំថ្ងៃ និងបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា «មន្ទីរពេទ្យគន្ធបុប្ផា កំពុងមានតំរូវការខ្ពស់ផ្នែកមូលនិធិដើម្បីបន្តប្រតិបត្តការណ៍ប្រចាំថ្ងៃ ដោយសារតែមន្ទីរពេទ្យមានកំណើនអ្នកជម្ងឺដែលត្រូវផ្ដល់សេវាថែរក្សា និងព្យាបាលខ្ពស់»។
លោក Martin Hoelscher ប្រធានគ្រប់គ្រងទូទៅ Danone Nutricia ឥណ្ឌូចិន បានបញ្ជាក់ប្រាប់ពីបេសកកម្មរបស់ Danone Nutricia ដែលជាក្រុមហ៊ុនឈានមុខគេមួយផ្នែកអាហាររូបត្ថម្ភសំរាប់អាយុកាលដំបូង ក្នុងចំណោមក្រុមហ៊ុនដទៃទៀតនៅអឺរ៉ុបថាបេសកកម្មរបស់យើងគឺ «ស្ថិតនៅជិតអ្នកម្ដាយដើម្បីចិញ្ចឹមបីបាច់ជីវិតថ្មី» ដោយជំរុញការណែនាំអំពីអាហាររូបត្ថម្ភប្រកបដោយសុខភាពល្អតាមរយះកម្មវិធីអប់រំ និងសេវាកម្មរបស់យើង។ យើងប្ដេជ្ញាចូលរួមលើកកម្ពស់ស្ថានភាពអាហាររូបត្ថម្ភ តាមរយះការផ្ដល់នូវអាហាររូបត្ថម្ភអាយុកាលដំបូងដោយការយកចិត្តទុកដាក់ខ្ពស់ ការយល់ច្បាស់ពីតំរូវការរបស់មាតាបិតា ព្រមទាំងភាពស្ទាត់ជំនាញរបស់យើង។
ការបរិច្ចាគមូលនិធិទៅដល់មន្ទីរពេទ្យគន្ធបុប្ផានាថ្ងៃនេះ គឺស្របតាមការប្ដេជ្ញាចិត្តរបស់យើង ដើម្បីបង្ហាញអំពីស្មារតីផ្ដោលើកម្មវិធីទំនួលខុសត្រូវសង្គម ក្នុងគោលបំណងបង្កើតនូវការផ្លាស់ប្ដូរជាវិជ្ជមានលើផ្នែកសុខភាពរបស់កុមារកម្ពុជា។ បន្តទៅទៀតឌុយមិចនឹងនៅតែបន្តកម្មវិធី ទំនួលខុសត្រូវសង្គមរបស់ខ្លួន ដោយធ្វើការសហការណ៍ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា៕