(ភ្នំពេញ)៖ ក្រោយបើកសវនាការពេញមួយព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែនិងពិន័យ៤លានរៀល ។
គួររំលឹកថា លោក ហេង សុខណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ប្រកាសសាលក្រមផ្តន្ទាទោសលោក អ៊ុំ សំអាន ចំនួនពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។
ក្នុងការប្រកាសសាលក្រមនេះ លោកចៅក្រម ហេង សុខណា បានអានសំអាងហេតុចំនួន១៥ចំណុច ។ ចំណុចសំខាន់ៗមានដូចជា លោក អ៊ុំ សំអាន ពិតជាមានចេតនាប្រព្រឹត្តបទល្មើស ។ លោក អ៊ុំ សំអាន នៅតែមានអភ័យឯកសិទ្ធិសភា ដដែល តែដោយសារនេះជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង មានចែងតាមមាត្រា៨៦នៃក្រមនីតិវិធី ព្រហ្មទណ្ឌ គឺតុលាការអាចដំណើរការក្តីបានជាធម្មតា ៕