(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងលោក ជា ស្រ៊ុន អតីតប្រធានមន្ទីរសុរិយោដីររាជាធានី ត្រូវបានប្រជាពលរដ្ឋប្ដឹងឡើងតុលាការ ពាក់ព័ន្ធនឹងករណីមិនប្រគល់បណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ តាមការកាត់សេចក្ដីរបស់តុលាការ។
ដើមចោទនៅក្នុងសំណុំរឿងប្ដឹងប្រធាន និងអតីតប្រធានមន្ទីរសុរិយោដីនេះ គឺឈ្មោះ លឹម ណាត អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ឃី ជឺ អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ២៩ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ។
តាមពាក្យបណ្ដឹងរបស់លោកស្រី ឃី ជឺ និងលោក លឹម ណាត បានបញ្ជាក់ថា តុលាការគ្រប់ជាន់ថ្នាក់បានសម្រេចឲ្យប្ដីប្រពន្ធគាត់ ឈ្នះក្ដីលើចុងចម្លើយឈ្មោះ ប្រាក់ នន តាមអំណាចសាលក្រម និងសាលដីការដ្ឋប្បវេណីរបស់តុលាការកំពូល ដែលទទួលស្គាល់ការទាមទាររបស់ពួកគាត់អស់ហើយ។
នៅក្នុងសាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍ បានបញ្ជាក់យ៉ាងច្បាស់ ពីចំណុចវិវាទដែលដើមចោទប្ដឹងទាមទារសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីរបស់ខ្លួន ដូចមានបណ្ណសម្គាល់សិទ្ធិខាងលើ ដោយគ្រាន់តែផ្ទេរឈ្មោះពីភាគីចុងចម្លើយ ប្រាក់ នន មកឈ្មោះ លឹម ណាត និង ឃី ជឺ វិញប៉ុណ្ណោះ ដែលការទាមទារនេះមានហេតុផលសមស្រប។
ករណីដែលមន្ទីររៀបចំដែនដីបានចេញដីកាបញ្ជូនឲ្យបង់ពន្ធប្រថាប់ត្រាលើបណ្ណកម្មសិទ្ធិអចលនវត្ថុ គឺជាការរំលោភអំណាចតុលាការទាំងស្រុង ទាំងសាលក្រម សាលដីការដ្ឋប្បវេណី និងសាលក្រម សាលដីកាព្រហ្មទណ្ឌស្ថាពររបស់តុលាការគ្រប់ជាន់ថ្នាក់។
សូមបញ្ជាក់ថា ក្នុងបណ្ដឹងរបស់លោកស្រី ឃី ជឺ និងលោក លឹម ណាត បានទាមទារសោហ៊ុយថ្លៃការចំណាយផ្សេងៗ និងការខាតបង់ពេលវេលាចំនួន ២ម៉ឺនដុល្លារ និងឲ្យចុងចម្លើយទទួលបន្ទុកប្រាក់ប្រដាប់ក្ដីផងដែរ។
នៅក្នុងការប្ដឹងលោក សារិន វណ្ណា និងលោក ជា ស្រ៊ុន នេះផងដែ តុលាការបានកំណត់ឲ្យដើមបណ្ដឹងបង់ពន្ធលើបណ្ដឹងរហូតដល់ទៅ ១,៥៣៧,០០០រៀល។
សូមរំលឹកថា លោក ជា ស្រ៊ុន អតីតប្រធានមន្ទីរសុរិយោដីរាជធានីភ្នំពេញ ធ្លាប់ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ធ្វើការចោទប្រកាន់ពាក់ព័ន្ធនឹងដីកា ហាមឃាត់ផ្ទេរសិទ្ធិដីលំនៅឋានមួយ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ តែលោក ជា ស្រ៊ុន បានចុះហត្ថលេខាលួចផ្ទេរសិទ្ធិប្រឆាំងនឹងដីកាហាមឃាត់របស់តុលាការ។
ករណីនេះ ចៅក្រមកំពុងស៊ើបអង្កេតនៅឡើយ។ ដោយឡែក អង្គភាព Fresh News មិនអាចសុំការបំភ្លឺពីលោក ជា ស្រ៊ុន និងលោក សារិន វណ្ណា បាននៅឡើយទេ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ៕