(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាង លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូក្រុមហ៊ុនចិន​ឈ្មោះ China Anhua Group Co,Ltd.​ ដឹកនាំដោយលោក Yang Wei អនុប្រធាន និងជាអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្វាគមន៍​ចំពោះគម្រោងវិនិយោគធំៗរបស់ក្រុមហ៊ុនចិនខាងលើ ដោយរួមមាន៖
-គម្រោងវិនិយោគបង្កើតរោងចក្រផលិតកញ្ចក់
-រោងចក្រអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ
-រោងចក្រចម្រាញ់ប្រេង
-រោងចក្រផលិតគ្រឿងបង្គុំរថយន្ត
-និងការបង្កើតកំពង់ផែដើម្បីធ្វើការនាំចូល និងចែកចាយឧស្ម័នធម្មជាតិ ដែលអាចតបណ្តាញផ្គត់ផ្គង់ដល់លំនៅដ្ឋាន ភោជនីយដ្ឋាន និងទីតាំងអាជីកម្មធំៗ ជាដើម ។

លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យតំណាងក្រុមហ៊ុនទៅជួបពិភាក្សាជាមួយក្រសួងជំនាញបន្ថែមទៀត គឺក្រសួងរ៉ែ និងថាមពល និងបានរំលឹកផងដែរថាៈ ការបង្កើតរោងចក្រផលិតកញ្ចក់គឺត្រូវការខ្សាច់ព័ណស ច្រើន ដែលកម្ពុជាសម្បូរនៅខេត្តកោះកុង ហើយបើរោងចក្របង្កើតនៅតាមបណ្តោយដងទន្លេមេគង្គ ការដឹកជញ្ជូនខ្សាច់មិនគួរដឹកតាមផ្លូវថ្នល់ទេ ព្រោះនឹងអាចខូចផ្លូវ គួរពិនិត្យលទ្ធភាពដឹកតាមផ្លូវរថភ្លើងវិញ ព្រោះកម្ពុជាកំពុងអភិវឌ្ឍបណ្តើរៗ​លើវិស័យនេះ។

ម៉្យាងជាការប្រសើរបំផុតដែលក្រុមហ៊ុនបាន បង្ហាញជំហរនៃការផលិតអគ្គិសនីដោយខ្លួនឯងសម្រាប់ផ្គត់ផ្គង់រោងចក្រផលិតកញ្ចក់ ទាំងអគ្គិសនី​ដើរដោយ​ប្រេង និងដោយពន្លឺព្រះ អាទិត្យ ដែលក្រុមហ៊ុនមានជំនាញស្រាប់ ពីព្រោះយោងតាមការពន្យល់របស់ក្រុមហ៊ុន ការបង្កើតរោងចក្រផលិតកញ្ចក់មិនត្រូវឲ្យ​មានការដាច់ចរន្តអគ្គិសនីទេ ក្នុងរយៈពេល៨ឆ្នាំជាប់គ្នា ៕