(ភ្នំពេញ)៖ កម្មករ​-កម្មការិនី​រោងចក្រ​​ក្នុង​ទូ​ទាំង​រាជធានី​ភ្នំពេញ​ចំនួន​២០០​​នាក់ នឹង​​មាន​សិទ្ធិ​ទទួល​សំបុត្រ​​ទស្សនា​រឿង​ «​កំពូល​ល្ងង់​នៅ​អាស៊ី​»​នៅ​គ្រប់​រោងកុន​ទំនើប​ដោយ​ឥត​គិតថ្លៃ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦នេះ។

ដើម្បីទទួលបាន សំបុត្រដោយឥតគិតថ្លៃ កម្មករកម្មការិនីដោយ​គ្រាន់តែ​បង្ហាញ​កាត​រោងចក្រ​ឱ្យ​​អ្នក​លក់​សំបុត្រ​​បាន​ឃើញ​រឿង​ «​កំពូល​ល្ងង់​នៅ​អាស៊ី​»​ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឱ្យ​​ដឹង​មុន​នេះ ​ពី​ម្ចាស់​ផលិតកម្ម​ ។

សំបុត្រ​ដែល​មាន​តាម​រោងកុន​ក្នុង​នោះ​រោងកុន​ស្ទឹង​មាន​ជ័យ​៦០​សំបុត្រ នៅ​រោងកុន​មេ​ជើ​អ៊ី​អន​៣០ ធី​ខេ​៤០ ស៊ី​ធី​ម៉​ល​៤០ និង​សូ​រិយា​៣០ សំបុត្រ​។

លោក​ឡេ​ង ណា​វ៉ា​ត់​ត្រា ចាងហ្វាង​ផលិតកម្ម Galaxy  បាន​ថ្លែងប្រាប់​ថា​ក្រោយ​ការ​ដាក់​បញ្ចាំង​លក់​សំបុត្រ​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ហើយ​ទទួល​បាន​ជោគជ័យខ្សែ​រឿង ​«​កំពូល​ល្ងង់​នៅ​អាស៊ី​»​ ដល់​ថ្ងៃ​បើក​ឱ្យ​​ទស្សនា​ដោយ​សេរី​ សម្រាប់​កម្មករ​ កម្មការិនី​រោងចក្រ​តាម​ការ​សន្យា​ហើយ ឱ្យ​​តែ​កម្មករ​ទាំងនោះ ​បង្ហាញ​កាត​រោងចក្រ ហើយ​ទៅ​ទទួល​សំបុត្រ​អោយ​បាន​មុន​២០០​សំបុត្រ​ តាម​គម្រោង។

លោក​ថា​ រោង​ទំនើប​នៅ​ខេត្ត​សៀមរាប​ មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​​ទទួល​សំបុត្រ​ហ្វ្រី​នោះ​ទេ ដោយសារ​តែ​លោក​ស្ទាបស្ទង់​ឃើញ​ថា​នៅ​ក្នុង​ខេត្ត​នោះ​ មិនសូវ​មាន​អ្នកធ្វើការ​រោងចក្រ ម្យ៉ាង​លោក​មាន​បំណង​ចង់ឱ្យ​​កម្មករ​រោង​នៅ​រាជធានី​ភ្នំពេញ ​ដែល​មាន​ចំនួន​ច្រើនបាន​ទស្សនា​រឿង​នេះ​ទាំង​២០០​នាក់​តែ​ម្ដង ​។

លោក​ថា​ កម្មករ​រោងចក្រ​នឹង​បាត់​ឱកាស​ទស្សនា​ដោយ​ឥត​គិតថ្លៃ បើ​មិន​រួសរាន់​មក​កាន់​រោង​ទំនើប​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ដោយសារ​តែ​ចំនួន​ដែល​បាន​ផ្ដល់​ជូន​ ក៏​មិន​ច្រើន​បើ​ធៀប​នឹង​ចំនួន​កម្មករ​កម្មករ​នៅ​ភ្នំពេញ​មាន​ច្រើន ​។ លោក​និយាយ​ថា​ «​ខ្ញុំ​គិត​ថា​ ២០០​សំបុត្រ​ ហ្នឹង​អត់​ច្រើន​ទេ មួយ​ថ្ងៃ​សុក្រ​ហ្នឹង​គឺ​អស់ហើយ ចឹ​ង​ហើយ​បាន​ខ្ញុំ​អំពាវនាវ​អោយ​បងប្អូន​យើង​ដែល​ចង់​ទស្សនា​រឿង​អត់​អស់​លុយ លើកគ្នា​ទៅ​កាន់​រោងកុន​ម៉ោង​ណា​ក៏​បាន​សម្រាប់​ថ្ងៃ​ហ្នឹង ដើម្បី​ទទួល​សំបុត្រ​ហ្វ្រី​!» ​។

លោក​អះអាង​ថា ​ខ្លួន​នឹង​រក្សា​ជំហរ​ផ្ដល់​សំបុត្រ​ឱ្យ​​ក្រុម​កម្មករ​​​គ្រប់​២០០​សន្លឹក​តាម​ការ​ប្រកាស ដោយ​មិន​លែង​៣​សន្លឹក​ហើយ​កុហក​ឱ្យ​បងប្អូន​កម្មករ​សម្រុក​ទៅ​ចង្អៀត​រោង​តែ​ចុង​ក្រោយ ​ក៏​លែង​ស្ទីល​ថា​ អស់​សំបុត្រ សូ​ម្បី​តែ​សំបុត្រ​ចែក​ហ្វ្រី​មិន​ទាន់​គ្រប់​២០០ ​។

លោក​និយាយ​ថា​ «​អ្នកខ្លះ​ភ័យ​រឿង​ខ្ញុំ​បោក ខ្ញុំ​ហ៊ាន​ធានា​ថា​នឹង​មាន​សំបុត្រ​២០០​សំបុត្រ​ត្រូវ​តែ​ដល់​ដៃ​កម្មករ​នៅ​ថ្ងៃ​ទី​២៣ ធ្នូ​ហ្នឹង​ដោយ​ឥត​គិតថ្លៃ ហើយ​អ្នក​សារព័ត៌មាន ឬ​មហាជន អាច​សុំ​ទិន្នន័យ​ពី​រោងកុន​បាន ចឹ​ង​ហើយ​បាន​ខ្ញុំ​សុំ​អោយ​បងប្អូន​រោងចក្រ ធ្វើ​មិច​ឆ្លៀតពេល​ទៅ​ទទួល​សំបុត្រ​អោយ​បាន​លឿន​ថ្ងៃ​ហ្នឹង​ដើម្បី​កុំអោយ​អស់​ទាន់​!»​។

លោក​ថា​ខ្លួន​ជា​អ្នក​ចេញថ្លៃ​ចំណាយ​ទាំងស្រុង​លើ​ការ​ទិញ​សំបុត្រ​ដែល​ចែក​ហ្វ្រី​នេះ ដោយ​រោង​ទំនើប​៤​កន្លែង​គឺ​រោងកុន​នៅ​ផ្សារ​សូ​រិ​យា  នៅ​ផ្សារ​អ៊ី​អន ផ្សារ​ទួល​គោក  និង​ផ្សារ​ស្ទឹង​មាន​ជ័យ នឹង​ចាត់ចែង​លើ​កិច្ចការ​នេះ ដោយ​គ្រាន់តែ​បងប្អូន​កម្មករ​បង្ហាញ​កាត​រោងចក្រ​។

មិន​ថា​តម្លៃ​៣​ដុល្លារ ឬ ៤​ដុល្លារ គឺ​លោក​ប្រកាស​ចេញ​អោយ​ទាំងអស់ សម្រាប់​ចែក​ហ្វ្រី​នៅ​ថ្ងៃ​សុក្រ​នេះ​។ លោក​ជឿជាក់​ថា​ត្រឹម​មួយ​ថ្ងៃ​ប្រកាស​នេះ នឹង​អស់​សំបុត្រ​ហ្វ្រី​ដោយសារ​តែ​លោក​ជឿ​ថា​កម្មករ​រោងចក្រ​នឹង​លើកគ្នា​ទៅ​ទស្សនា ដើម្បី​បាន​សប្បាយ​ជុំ​គ្នា ជា​ពិសេស​រោងកុន​នៅ​ក្បែរ​ៗ​តំបន់​រោងចក្រ​ដូច​ជា​រោង​ទំនើប​ស្ទឹង​មាន​ជ័យ និង​រោងកុន​នៅ​ផ្សារ​អ៊ី​អន លោក​ថា​នឹង​មាន​អ្នក​ទៅ​ទទួល​សំបុត្រ​នេះ​អស់​។

លោក​ថា​មក​ទល់​ពេល​នេះ​ចំណូល​របស់​រឿង​«​កំពូល​ល្ងង់​នៅ​អាស៊ី​»​ត្រឹមតែ​ទប់ទល់​ប៉ុណ្ណោះ ទើប​លោក​ទទូច​អោយ​ជួយ​គាំទ្រ​រឿង​នេះ​អោយ​បាន​ច្រើន ដើម្បី​អោយ​លោក​ពិចារណា​រឿង​ផ្ដល់​សំបុត្រ​ហ្វ្រី​បន្ថែម​ទៀត​ដល់​ក្រុម​កម្មករ​រោងចក្រ​៕

http://image.freshnewsasia.com/2016/fn-2016-12-23-10-48-49-0.png