(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការកំពូល បានបើកសវនាការលើបណ្តឹងជំទាស់របស់ យុវជន គង់ រ៉ៃយ៉ា ដែលជាប់ចោទពាក់ព័ន្ធនឹង ការអំពាវនាវធ្វើបដិវត្តពណ៌ កាលពីខែសីហា ឆ្នាំ២០១៥។
ការដាក់ពាក្យបណ្តឹងជំទាស់របស់ជនជាប់ចោទនេះ បានធ្វើឡើងបន្ទាប់តុលាការឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមសាលដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឱ្យយុវជន គង់ រ៉ៃយ៉ា ជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៥ យុវជន គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ» ។
ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុក ការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម ៕