(ភ្នំពេញ)៖ ជាគំនិតផ្តួចផ្តើមរបស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងដោយមានការណែនាំពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គម្រោងបង្កើតរោងចក្រផលិតទឹកស្អាត ដោយយកប្រភពទឹកពីទំនប់វារីអគ្គិសនីភ្នំកំចាយខេត្តកំពត ដើម្បីផលិតផ្គត់ផ្គង់តំបន់មាត់សមុទ្រ មានវិសាលភាពគ្របដណ្តប់ខេត្តចំនួនពីរ គឺខេត្ត កំពត និងខេត្ត កែប បានឈានដល់ចំណុចឯកភាពគ្នាមួយជំហ៊ានធំហើយ តាមរយៈជំនួបពិភាក្សារវាងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយ លោក Wang Teifeng អគ្គនាយកក្រុមហ៊ុន Sinohydro Corporation នៅទីស្តីការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នារសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦។
ចំណុចឯកភាពនោះ គឺតាមរយៈក្រុមហ៊ុន Sinohydro Corporation កម្ពុជានឹងទទួល បានកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលចិនសម្រាប់អនុវត្តគម្រាងនេះ ហើយសង្ឃឹមថា ខេត្តកំពត និងខេត្ត កែប ដែលជាខេត្តទេសចរណ៌តំបន់ឆ្នេរដ៏សំខាន់របស់កម្ពុជា និងមាន រហស្សនាមថា តារារៈនាទិសនារតី និងជាខេត្ត ជាប់ចំណាត់ថ្នាក់ក្នុងក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ទាក់ទាញបាននូវការវិនិយោគ បង្កើនសក្តានុពលវិស័យទេសចរណ៌ និងលើកកំពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ៕