(តាកែវ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងក្រើនរំលឹកមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តតាកែវថា ទំនិញក្លែងក្លាយ ឬខូចគុណភាព បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតភាពជាតិ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោក ប៉ាន សូរស័ក្តិ ថ្លែងរំលឹកបែបនេះ ក្នុងពេលរូបលោកចុះសំណេះសំណាលជាមួយមន្រ្តីរាជការ នៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តតាកែវ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីតាមដានវឌ្ឍនភាពការងារនៅថ្នាក់ក្រោមជាតិ។
នៅចំពោះមុខមន្រ្តីមន្ទីរពាណិជ្ជកម្ម និងកាំកុងត្រូលខេត្តតាកែវ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា តាកែវជាខេត្តមានសក្តានុពលសម្រាប់វិស័យវាយនភ័ណ្ឌ ដែលជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់កម្ពុជា ដោយសារខេត្តនេះ ប្រមូលផ្តុំដោយរោងចក្រផលិតស្បែកជើង និងសម្លៀកបំពាក់ច្រើនជាងគេ ប្រសិនបើគ្មានយន្តការត្រួតពិនិត្យគុណភាពទំនិញគ្រប់គ្រាន់ នឹងធ្វើប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ និងផលិតភាពជាតិទាំងមូល។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺប្រើប្រាស់វិស័យពាណិជ្ជកម្មជាយាន ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ហើយដើម្បីសម្រេចគោលដៅនេះ គឺទាមទារឲ្យមានការប្តេជ្ញាចិត្តពីមន្ត្រី និងភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តក្នុងការចូលរួមអនុវត្តន៍គោលនយោបាយពាណិជ្ជកម្ម និងគោលការណ៍នៃអភិបាលកិច្ចល្អ ដើម្បីជួយសម្រួលវិស័យដល់ការលូតលាស់នៃឯកជន។
លោក ប៉ាន សូរស័ក្តិ បានស្នើដល់ប្រធានអង្គភាពទាំងពីរ បន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបទំនិញក្លែងក្លាយ ដែលអាចមានហានិភ័យដល់វិស័យសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី ក៏បានផ្តែផ្តាំដល់មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តតាកែវ រៀបចំផែនការសកម្មភាពការងារឲ្យបានច្បាស់លាស់ ដោយអនុលោមតាមផែនការយុទ្ធសាស្រ្ដរបស់ក្រសួងពាណិជ្ជកម្ម និងក្ដាប់ឲ្យបាននូវបញ្ហាប្រឈមនានារបស់អាជីវករ និងកសិករ ដើម្បីដាក់ចេញវិធានការសមស្របសំដៅពង្រីកសក្តានុពលវិស័យពាណិជ្ជកម្មក្នុងខេត្ត ឲ្យកាន់តែភាពទូលំទូលាយ៕