(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០១៦។ សម្តេចទាំងពីរ នឹងធ្វើជាអធិបតីភាព ក្នុងពិធីបើកបុណ្យសមុទ្រ នៅថ្ងៃទី២៤ ខែធ្នូ ស្អែកនេះ។

នៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំនិងភរិយា បានធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យសមុទ្ររបស់ប្រទេសកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣-២៥ ខែធ្នូ ឆ្នាំ ២០១៦ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ខ្ញុំ និងភរិយា សូមអញ្ជើញបងប្អូនជនរួមជាតិចូលរួមសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនេះទាំងអស់គ្នា ដើម្បីគាំទ្រ និងលើកស្ទួយវិស័យទេសចរណ៍ដ៏មានសក្តានុពលនៅតំបន់ភូមិភាគនារតី នៃព្រះរាជាណាចក្រកម្ពុជាយើង»

សូមបញ្ជាក់ថា បុណ្យសមុទ្រ បានប្រារព្វឡើងជារៀងរាល់ឆ្នាំ នៅខេត្តដែលស្ថិតជាប់តំបន់ឆ្នេរសមុទ្រមានដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដែលត្រូវប្តូរវេនគ្នាមួយឆ្នាំម្តងៗ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ ប្រជាពលរដ្ឋទាំងអស់ បើកបរគោរពច្បាប់ចរាចរណ៍ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ៗគ្នា៕