(ភ្នំពេញ)៖ ការធ្វើសមយុទ្ធ «នាគមាស» ឆ្នាំ២០១៦ រវាងកងទ័ពកម្ពុជា និងកងទ័ពចិន រយៈពេល៩ថ្ងៃ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ នឹងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះហើយ។
ពិធីបិទសមយុទ្ធនេះ ធ្វើឡើងនៅវិទ្យាស្ថានយោធាកងទ័ពជើងគោក ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដោយមានការចូលរួមពីតំណាងមេទ័ពរបស់ចិនផងដែរ។
សូមបញ្ជាក់ថា សមយុទ្ធនាគមាស ឆ្នាំ២០១៦ រយៈពេល៩ថ្ងៃ បានចាប់ផ្តើមពីថ្ងៃទី១៥ ដល់ ២៣ ខែធ្នូ ឆ្នាំ២០១៦។ លំហាត់សមយុទ្ធនេះមានយន្តហោះចំនួន០៤គ្រឿង ឧទ្ធម្ភាគចក្រចំនួន០១គ្រឿង និងកងទ័ពរំដោះប្រជាជានចិន-កម្ពុជា ជិត៤០០នាក់។ សមយុទ្ធមនុស្សធម៌ រវាងកងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយកងទ័ពប្រជាជនចិននេះ មានលំហាត់សំខាន់ៗចំនួន៦ ក្នុងនោះរួមមាន ទី១៖សកម្មភាពលំហាត់ធ្វើផ្លូវ ទី២៖លំហាត់រាវមីន និងកម្ទេចគ្រឿងផ្ទុះ ទី៣៖លំហាត់ធ្វើស្ពាន (ស្ពានថ្មើរជើង និងស្ពានអេឡិចត្រូនិច) ទី៤៖លំហាត់ជួយសង្គ្រោះលើទឹក ទី៥៖សាងសង់ទីជម្រកនិងការផលិតទឹកសុទ្ធ និងទី៦៖ សកម្មភាពលំហាត់ទប់ទឹកជំនន់។
នាយឧត្តមសេនីយ៏ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចាត់ទុកថា លំហាត់នេះជាការផ្លាស់ប្តូរបទពិសោធន៍ និងកសាងសមត្ថភាពកងទ័ពឲ្យទទួលបានជំនាញថ្មីបន្ថែមទៀត លើកិច្ចការមនុស្សធម៌ ការសង្គ្រោះជីវិតក្នុងពេលជួបគ្រោះមហន្តរាយនានា ជាពិសេសការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការ រិតចំណងមេត្រីភាព រវាងកងទ័ពប្រទេសទាំងពីរ៕