(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ គឺជាថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ គម្រប់ ៨៣ព្រះវស្សា។ ក្នុងឱកាសចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុននេះ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ុជិ ក៏បានឆ្លៀតផ្ញើសារជូនពរប្រជាពលរដ្ឋកម្ពុជា និងបានប្តេជ្ញា ប្រឹងប្រែងធ្វើឲ្យចំណងទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន កាន់តែរឹងមាំថែមទៀត។
ក្នុងសារអបអរសាទរក្នុងថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុនផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News លោក ហ៊ីដាហ៊ីសា ហូរីណុអ៊ូ ជិ បានថ្លែងកត់សម្គាល់ថា នៅក្នុងឆ្នាំ២០១៦នេះ កម្ពុជា-ជប៉ុន បានបង្កើតឡើងនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ គឺការចាប់ផ្តើមឲ្យមាន ជើងហោះហើរត្រង់ជាប្រចាំរវាងប្រទេសទាំងពីរ ដោយក្រុមហ៊ុនអាការចរណ៍ ANA។
លោកឯកអគ្គរាជទូតជប៉ុន ដែលចេះនិយាយ អាន និងសរសេរភាសាខ្មែរយ៉ាងស្ទាត់ជំនាញរូបនេះ បានបង្ហាញក្តីជឿជាក់ថា ការហោះហើរត្រង់នេះ នឹងធ្វើឲ្យប្រទេសជប៉ុន ខិតមកកាន់តែជិតជាមួយប្រទេសកម្ពុជា និងជំរុញឲ្យការផ្លាស់ប្តូររវាងប្រជាជន នៃប្រទេសទាំងពីរថែមទៀត។
លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា «ទោះបីជាមានត្រឹមតែរយៈពេលពីរខែ រាប់តាំងពីពេលខ្ញុំបានមកដល់ប្រទេសកម្ពុជា ក៏ដោយ ប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍នូវការអភិវឌ្ឍ ដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា ព្រមទាំងរីករាយជាមួយការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជាចំពោះរូបខ្ញុំ។ កត្តានេះបានធ្វើឲ្យខ្ញុំប្តេជ្ញាបំពេញភារកិច្ចឲ្យអស់ពីលទ្ធភាព ដើម្បីបន្តជំរុញបន្ថែមនូវទំនាក់ទំនងជប៉ុន និងកម្ពុជា»។
ក្នុងឱកាសពិធីចម្រើនព្រះជន្មាយុព្រះករុណាព្រះចៅអធិរាជ ក៏ដូចជាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ លោកឯកអគ្គរាជទូត ជប៉ុន ក៏បានជូនពរឲ្យចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជានៅតែបន្តជារៀងរហូត និងសូមឲ្យប្រជាជនកម្ពុជាទទួលបានតែសុខភាពល្អ និងសុខសុភមង្គល៕