(សៀមរាប)៖ អនុវត្តន៍តាមការណែនាំពី សំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ស្តីពីការអនុវត្តនូវ តួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីការពារសុខមាលភាព សុវត្ថិភាព និងផលប្រយោជន៍ អ្នកប្រើប្រាស់នោះ សាខាកាំកុងត្រូលខេត្តសៀមរាប បានបន្តយុទ្ធនាការស្វែងរកទំនិញ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទ នៅតាមទីផ្សារនានាជាប្រចាំ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន ដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារបានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារស្រែណូយ ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន នៅចំងាយ៧៥គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប (តាមផ្លូវជាតិលេខ៦៧ ព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ)។
ក្រុមការងារបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូបរួមមាន អំបិលមានស្លាកសញ្ញាអ៊ីយ៉ូត ស្ពៃជ្រក់ សណ្តែកបណ្តុះ សាច់ក្រក ផ្អក ប្រហុក ស្ករត្នោត ផ្លែមានស្រស់ និងផ្លែទំពាំងបាយជូរស្រសរួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Sodium Hydrosulfite , Salicylic Acid, Formalin និង Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច រួចមកលទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្តសៀមរាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។
ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖ទី១-ទឹកក្រូចដបជ័រដបធំផលិតនៅប្រទេសថៃ ចំណុះ ៣.១លីត្រ ចំនួន១៩ ដប ទី២-ទឹកក្រូចដបជ័រផលិតនៅកម្ពុជា ចំណុះ២លីត្រ ចំនួន១១ដប ទី៣-ទឹកក្រូចដបជ័រផលិតនៅប្រទេសថៃ ចំណុះ ១.២៥លីត្រ ចំនួន១១ដប ទី៤-មីកញ្ចប់ម៉ាក MAMA ផលិតនៅប្រទេសថៃ ចំណុះ៥៥ក្រាម ចំនួន១០៧កញ្ចប់ ទី៥-មីកញ្ចប់ម៉ាក GOOD ផលិតនៅប្រទេសវៀតណាម ចំណុះ ៥៦ក្រាម ចំនួន២៨កញ្ចប់ និងទី៦-នំធុង ផលិតនៅប្រទេសចិន ចំណុះ ៧០០ក្រាមចំនួន១ធុង គិតជាទម្ងន់សរុប១០២.៨គីឡូក្រាម។
ក្រុមការងារបានបន្តឲ្យដឹងទៀតថា បើទោះជាយ៉ាងណា មន្រ្តីកាំកុងត្រូលនៅតែបន្តប្រើប្រាស់ វិធានការអប់រំ បន្តអនុវត្តចែកផ្សាយនូវរូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាកទាំងឡាយ ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និង គ្រោះថ្នាក់នៃការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ ចូលក្នុងម្ហូបអាហារនោះ។
ទន្ទឹមនោះក្រុមការងារក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបង ប្អូន ជាអាជីវករលក់ដូរ និងអ្នកប្រើប្រាស់ ដែលជានិច្ចកាលតែងតែ យោគយល់ ចូលរួមសហការយ៉ាងល្អជាមួយសមត្ថកិច្ច ដើម្បីទាំងអស់គ្នា លើកកំពស់សុខមាលភាព និងសុវត្ថិភាពម្ហូបអាហារ ៕