(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យក្រសួងភាគីពាក់ព័ន្ធ ខិតខំបន្ដបំពេញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាៗ។
ការអំពាវនាវរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទទួលបាន «ពាន់រង្វាន់សុវត្ថិភាពចរាចរណ៍ ផ្លូវគោកអន្ដរជាតិ នៃព្រះអង្គម្ចាស់ម៉ៃឃើល» ឆ្នាំ២០១៦ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ប្រភពព័ត៌មានដដែលបានលើកឡើងទៀតថា ការទទួលពានរង្វាន់ដ៏គួរឲ្យស្ញប់ស្ញែងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក កម្លាំងសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមចំណែក ដោយមិនអាចខ្វះបានពីសំណាក់បងប្អូប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវដែលបានចូលរួមអនុវត្តន៍ និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវច្បាប់ចរាចរណ៍ផ្លូវគោក រហូតធ្វើឲ្យកម្ពុជា ទទួលបាននូវការសាទរពីស្ថាប័នអន្ដរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ក្នុងន័យធានាដល់និរន្ដរភាព និងប្រសិទ្ធិភាព ការងារពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ខាងមុននេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងរៀបចំកិច្ចប្រជុំបូកសរុបលទ្ធិផល ត្រួតពិនិត្យការអនុវត្ត ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ និងរៀបចំពិធីអបអរសាទរ ក្នុងឱកាសគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទទួលបាន «ពាន់រង្វាន់សុវត្ថិភាពចរាចរណ៍ផ្លូវគោក អន្ដរជាតិនៃព្រះអង្គម្ចាស់ម៉ៃឃើល» ព្រមទាំងប្រគល់នូវប័ណ្ណសសើរ និងរង្វាន់ ជូនដល់អង្គភាពនិងបុគ្គលមានស្នាដៃ ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ ផ្លូវគោកឆ្នាំ២០១៦៕