(ព្រះសីហនុ)៖ ពិតជាគួរឲ្យសង្វេគប្រជាពលរដ្ឋមួយរថយន្ត បានធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីចូលរួមសប្បាយក្នុងពិធីបុណ្យសមុទ្រ និងយកប៉េងប៉ោងទៅលក់ ស្រាប់តែជួបគ្រោះអកុសលក្រឡាប់រថយន្ត បណ្តាលឲ្យស្លាប់ និងរបួសរហូតដល់ ២២នាក់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវបេតុងចុះពីវត្តលើត្រង់ចំណុច មហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ រងរបួសធ្ងន់ ៤នាក់ (ស្រី ២នាក់) និង រងរបួសស្រាល ១៧នាក់ (ស្រី ៣នាក់)។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯសាកសពត្រូវបានកម្លាំងជំនាញទំនាក់ទំនង ទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ជុំវិញគ្រោះថ្នាក់ចរាចរណ៍មួយនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «រថយន្តមានទិសដៅពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គោលបំណងដើម្បីមកកម្សាន្តលេង និងយកប៉េងប៉ោងមកលក់ក្នុងឱកាសបុណ្យសមុទ្រ។ លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវចុះចំណោត អ្នកបើកបររថយន្តពុំស្គាល់ស្ថានភាពផ្លូវ ស្មានតែផ្លូវត្រង់ទៅមុខទៀតក៏ចុះ លុះដល់ចំណុចរបងមហោស្រពចាស់ ឃើញថាទៅមុខមិនរួច ក៏ជាន់ហ្រ្វាំងតែហ្រ្វាំងមិនស៊ីបណ្ដាលឲ្យបុករបងតែម្តង»។
សម្រាប់រថយន្ត ត្រូវបានកម្លាំងជំនាញស្ទូចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៤ នេះត្រូវប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅទីរួមខេត្តព្រះសីហនុ ដោយគេរំពឹងថា នឹងមានមនុស្សចូលរួមរាប់ម៉ឺននាក់។ ជាមួយគ្នានេះទាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរជាយថាហេតុ៕