(ព្រះសីហនុ)៖ ដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំពីនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ចំនួន៣០នាក់ ដើម្បីចុះសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យសមុទ្រ ក្នុងខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី២៣, ២៤ និង ២៥ ខែធ្នូ ឆ្នាំ២០១៦។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា សំណូមពរប្រជាពលរដ្ឋ ដែលមកចូលរួមលេងកម្សាន្ត មេត្តាយោគយល់អធ្យាស្រ័យខ្ពស់ ចំពោះបញ្ហាចរាចរណ៍នៅទីតាំងខ្លះ ដោយមូលហេតុមនុស្សច្រើនកុះករ និងសូមអំពាវនាវដល់អ្នកបើកបរ គោរពច្បាប់ចរចរណ៍ ដោយមិនត្រូវបើកបរល្មើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង និងសូមឲ្យប្រជាពលរដ្ឋចូលរួមសហកាជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រប្រព្រឹត្តិ ទៅដោយរលូន និងសប្បាយរីករាយ៕