(កំពង់ស្ពឺ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ចុះពិនិត្យជំងឺ នាំថវិកា និងគ្រឿងឧបភោគ-បរិភោគ ជូនលោកស្រី ផាត់ សយ និងប្តីឈ្មោះ ឃុន រស់ អាយុ៦១ ដែលកំពុងមានជំងឺប្រចាំកាយ ហើយមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងការចុះពិនិត្យនោះ ក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដឹកនាំដោយលោក សោម អូន ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដឹកនាំដោយលោក លី ចាន់សុភក្តី អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងលោកវេជ្ជបណ្ឌិត រ៉ិត ចំណាប់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សាខាខេត្តកំពង់ស្ពឺ និងសហការី។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC បានឲ្យដឹងថា «ដោយយល់ឃើញពីការលំបាករបស់បងស្រី ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ លោកក៏បានដឹកនាំក្រុមការងារ NACC និងបានសហការជាមួយក្រុមការងារសម្ព័ន្ឋគ្រូពេទ្យ ស.ស.យ.ក សាខាខេត្តកំពង់ស្ពឺ ដើម្បីនាំនូវថវិកាជា មូលនិធិរបស់ NACC Foundation និងថវិការបស់ក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ព្រមទាំងសម្ភារៈឧបភោគ-បរិភោគរួមគ្នាមួយចំនួនទៀត ទៅជួយដោះស្រាយការលំបាករបស់លោកស្រី ដល់ផ្ទះរបស់បងស្រីតែម្តង»។
អំណោយរបស់ក្រុមការងារទាំងពីររួមមាន អង្ករ១បាវ៥០គីឡូក្រាម មីចំនួន៤កេះ ត្រីខកំប៉ុង២យូរ ទឹកស៊ីអ៊ីវ១យូរ ទឹកផ្លែឈើ១កេះ និងត្រីងៀត២គីឡូក្រាម និងថវិកាមួយចំនួន។
បន្ថែមពីនេះ ក្រុមសម្ព័ន្ឋគ្រួពេទ្យ ស.ស.យ.ក ក៏បានពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យ ព្រមទាំងផ្តល់ការណែនាំដល់លោកស្រី ឲ្យធ្វើការសម្រាក និងទទួលទានថ្នាំឲ្យ បានត្រឹមត្រូវទៅតាម វេជ្ជបញ្ជាដែលបានកំណត់៕