(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២២នាក់ ក្នុងនោះ មានស្រី៣នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅហាងកាហ្វេ និងផ្ទះលេខ២៣ ផ្ទះលេខ៣៥៥ ផ្ទះលេខ៨៣ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា «យើងរកឃើញមានជនបរទេសចំនួន២២នាក់ ស្រី០៣នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅ និងប្រកបរបរខុសច្បាប់ គ្មានលិខិតឆ្លងដែន និងមានឯកសារមិនត្រឹមត្រូវ»។
បើតាមលោកឧត្តមសេនីយ៍ បន្ទាប់ពីចាប់ខ្លួន ជនជាតិវៀតណាមខាងលើនេះ ត្រូវបាននាំយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តតាមនីតិវិធីច្បាប់៕