(កំពត)៖ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ មានករណីតក់ស្លុតមួយ បានកើតឡើងនៅខេត្តកំពត ដោយសារតែទូកទេសចរណ៍មួយគ្រឿង ដែលផ្ទុកភ្ញៀវ​ពេញ ដើម្បីមើលទិដ្ឋភាព និងអំពិលអំពែកនាពេលរាត្រី បានផ្អៀងនឹងដីខ្សាច់ បណ្តាលឲ្យលិចទឹក រហូតស្លាប់៤នាក់ យ៉ាងអាណោចអាធ័ម។
 
កាន់តែអាសូរទៅទៀតនោះ ជនរងគ្រោះ៣នាក់ ក្នុងចំណោម៤នាក់ គឺជាម្តាយ កូន និងចៅបានស្លាប់ទាំងអស់ ដែលមានប្តី ពុក និងកូនប្រសារជានាយការិយាល័យ​សុខា​ភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត គឺលោកវរសេនីយ៍ទោ សាន យ៉េត។

ប៉ុន្តែសម្រាប់ព្រឹត្តការណ៍ដ៏អាសូរនេះ សាច់ញាតិជនរងគ្រោះទាំង៤នាក់ (ម្នាក់ទៀតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ) នៅមិនទាន់បានទទួលពន្លឺយុត្តិធម៌នោះទេ ពោល​សំណងមួយសេន គឺមិនទាន់ត្រូវបានទទួលផងដែរ។

ប៉ុន្តែសំណុំរឿងខាងលើនេះ ត្រូវបានសាលាឧទ្ធណ៍កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បានបើកសវនាការរួចហើយ និងគ្រោងប្រកាសសាលដីកានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ។ បន្ទាប់ពីភាគីម្ចាស់ទូក មិនអស់ចិត្ត នៅពេលតុលាការខេត្តកំពត បានប្រកាសសាលក្រមកាត់ទោស និងប្តឹងមកឧទ្ធរណ៍ថែមទៀត។

នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សាន យ៉េត បានប្រាប់អង្គភាព Fresh News ថា លោក និងក្រុមគ្រួសារទាំងមូល កំពុងតែរង់ចាំទទួលនូវភាពយុត្តិធម៌ ដោយ​ចង់បាន​សំណងសមរម្យណាមួយ ពីព្រោះក្រៅពីការបាត់បង់ប្រពន្ធ កូន និងម្តាយក្មេក គឺត្រូវចំណាយលុយអស់យ៉ាងច្រើន លើការរៀបចំបុណ្យ​សព​នាពេលកន្លងទៅ។

សាច់ញាតិជនរងគ្រោះរូបនេះ បានបញ្ជាក់ថា «ខ្ញុំមិនចង់បានអ្វីក្រៅពីការទទួលបានសំណងមួយដ៏សមរម្យនោះទេ ពីព្រោះពួកយើងមិនទាន់បានទទួល សំណង និងការចរចាណាមួយនោះទេ»

សាច់ញាតិម្នាក់ទៀត ត្រូវជាប្អូនប្រុសបង្កើតស្រ្តីរងគ្រោះ ក៏បានលើកឡើងផងដែរ តាំងពីថ្ងៃកើតហេតុមកនោះ ខាងក្រុមគ្រួសាររបស់លោក នៅមិនទាន់បានទទួលសំណង​ណាមួយនោះឡើយ ហើយខាងសាច់ញាតិជនជាប់ចោទ ក៏មិនបានមកសុំជួប ដើម្បីចង់ចរចា នោះដែរ។ លោកក៏មានជំនឿយ៉ាងមុតមំាថា នៅថ្ងៃប្រកាសសាលក្រម​នៅថ្ងៃស្អែក ខាងជនរងគ្រោះនឹងទទួល​បានលទ្ធផលល្អ ពីតុលាការជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមមាត់សមុទ្រ ជិតស្ពានថ្មី ក្រុងកំពត ខេត្តកំពត  ក្រោយទូកទេសចរណ៍​ដ៏ធំមួយផ្ទុកមនុស្ស​ជាង៧០នាក់ បានគឿងជាមួយខ្សាច់ ហើយផ្អៀងធ្វើឲ្យមានការ​ជ្រួលច្របល់អ្នក​នៅលើទូក រហូតលោតចូលទឹកតែម្តង។

ឧត្តមសេនីយ៍ស្នងការខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា «មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើង ដោយសារតែទូកទេសចរណ៍មួយនេះ ក្រោយត្រឡប់មក​ពីមើល អំពិលអំពែកតាមមាត់​សមុទ្រនោះ បានគឿងខ្សាច់ (ក្រោយទឹកនាច) ស្រាប់តែបណ្តាលឲ្យ​ទូកផ្អៀង រហូតលិចទឹក ហើយមានអ្នកខ្លះធ្លាក់ចូលទឹក ពេលនោះក៏ម្នាក់ៗ ឆោរឡោយ៉ាងខ្លាំង ដោយគិតថាទូកលិច ទើបម្នាក់ៗនាំគ្នាលោតចេញពីទូក រហូតមានស្លាប់យ៉ាងដូច្នេះ»។ ជនរងគ្រោះ៣នាក់ គឺជាប្រពន្ធ កូនប្រុស និងម្តាយក្មេករបស់លោក សាន យ៉េត នាយការិយាល័យ​សុខាភិបាល ខេត្តកំពត និងជនរងគ្រោះម្នាក់ទៀត រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ៕