(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានសរសេរលិខិតមួយផ្ញើជូន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាព លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ ដែលជាឪពុកក្មេករបស់លោកស្រី។
លិខិតរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ភរិយាខ្ញុំ និងរូបខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលត្រូវជាឪពុកក្មេករបស់លោកជំទាវ បានទទួលមរណភាព ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ លោកព្រឹទ្ធាចារ្យ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ម្នាក់របស់ជាតិ ដែលលោកតាធ្លាប់បានចូលរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការរៀបចំប្រទេសជាតិ តាមរយៈការធ្វើជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងបន្ទាប់មកជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានទទួលមរណភាព នៅប្រមាណម៉ោងជាង១៖០០រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយសាររោគាពាធ។ នេះបើតាម លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ។
លោកព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវជាឪពុកក្មេករបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាពេលបច្ចុប្បន្ននេះ។ លោកព្រឹទ្ធាចារ្យ ជាអតីតរដ្ឋមន្រ្តីវប្បធម៌ និងព័ត៌មាន ក្នុងទសវត្សរ៍ ៨០ ហើយក្រោយមកលោក ត្រូវបានជ្រើសរើស ជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផងដែរ៕