(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែងតាំងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និង បង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបផងនោះ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកការហោះហើរលើផ្ទៃបឹងទន្លេសាប ដើម្បីពិនិត្យរកមើលបទល្មើសនេសាទ។
ក្រោយការហោះហើររយៈពេលជិតមួយម៉ោងនោះ លោក វេង សាខុន បានឲ្យដឹងថា បទល្មើសនេសាទស្បៃមុងលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តសៀមរាប កំពង់ធំ និងបាត់ដំបង មិនមាននោះទេ តែសម្រាប់ខេត្តពោធិ៍សាត់ និងតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង នៅមានមួយចំនួននៅ ឡើយ។
លោក វេង សាខុន ក៏បានប្រាប់អង្គភាព័ត៌មាន Fresh News ផងដែរថា ពេញមួយឆ្នាំ២០១៦ កន្លងទៅនេះ បទល្មើសនេសាទបង្រ្កាប បានជាង ៣ពាន់ករណី និងប្រមូលស្បៃមុងដុតកម្ទេចចោលជាង ២លានម៉ែត្រ។ លោក វេង សាខុន ក៏បានឲ្យដឹងផងដែរថា ជាការកត់ សម្គាល់បទល្មើសនេសាទហាក់មានការថមថយ តែមិនទាន់អាចលុបបំបាត់ទាំងស្រុងបាននៅឡើយទេ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងមិនអាចលុយបំបាត់ទាំងស្រុងបានទេ ព្រោះវាពាក់ព័ន្ធនិងជីវភាពរបស់ប្រជាពលរដ្ឋ។ បើយើងចង់លុបបំបាត់បានទាំងស្រុង ត្រូវមានការងារផ្សេងសម្រាប់ពួកគាត់ ជាពិសេសត្រូវការពេលវេលាអប់រំពួកគាត់ឲ្យយល់ដឹងពីហានិភ័យនៃធនធានមច្ឆជាតិក្នុងបឹងទន្លេសាបកើតចេញពីការនេសាទល្មើសច្បាប់នេះ»។
ក្រៅពីការហោះហើរពិនិត្យដោយផ្ទាល់ហើយនោះ ដើម្បីបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត លោក វេង សាខុន បានដាក់ផែនការឲ្យអាជ្ញាធរថ្នាក់ខេត្តត្រូវចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទជារៀងរាល់សប្តាហ៍ ហើយរូប លោកផ្ទាល់ ក៏នឹងឆ្មក់ចុះតាមទូក ដើម្បីទប់ស្កាត់បទល្មើសនេសាទនេះផងដែរ។
បឹងទន្លេសាប គឺជាបឹងជម្រកត្រីដ៏ធំមួយរបស់កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ី។ កាលពីខែមីនា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចូលរាល់ការធ្វើឡូតិ៍នេសាទ ហើយយកឡូតិ៍នេសាទមួយភាគធំ ត្រូវដាក់ជាតំបន់អភរិក្ស ក្នុងបំណងបង្កើនធន ធានមច្ឆជាតិ។
តែបើតាមលោក វេង សាខុន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផលត្រីក្នុងបឹងទន្លេសាប មានការកើនតិចតួច ដោយសារតែការសាងសង់ ទំនប់របស់បណ្តាប្រទេសលើដងទន្លេមេគង្គ ជាហេតុធ្វើឲ្យទំហំទឹកក្នុងរដូវវស្សាមានកម្រិតតិច ហើយក៏ជាការបង្រួបដែនទឹកសម្រាប់ការបំលាស់ទីរបស់ត្រីក្នុងរដូវពងកូនផងដែរ។
លោក វេង សាខុន បានបន្ថែមដែរថា ការពឹងផ្អែកតែលើត្រីក្នុងបឹងទន្លេសាបតែមួយមុខ មិនអាចបំពេញតម្រូវការរបស់មនុស្សបានគ្រប់ គ្រាន់នោះឡើយ គឺតែត្រូវតែបណ្តុះបណ្តាលប្រជាពលរដ្ឋចិញ្ចឹមត្រីបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សផង និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ ហើយក៏អាចចូលរួមទប់ស្កាត់បទល្មើសនេសាទផងដែរ។
លោក វេង សាខុន ថា លោកប្រឹងប្រែងក្នុងការបង្កើតវារីវប្បកម្ម និងជំរុញឲ្យប្រជាពលរដ្ឋឲ្យចិញ្ចឹមត្រី៕