(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី បំពាក់កន្សែងយុវជនកាក បាទក្រហមកម្ពុជាជូនដល់សាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន ៦០រូបក្រោមអធិបតីភាពលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
តាមរបាយការណ៍លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរងទី១ និងជាទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យប៊ែលធីអន្ដរជាតិ បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ បំផុត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយមានការគាំទ្រ យ៉ាងពេញទំហឹងទាំងសម្ភារៈ ទាំងថវិកា និងស្មារតីពីសំណាក់លោក លី ឆេង សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យប៊ែលធីអន្ដរជាតិប៊ែលធី បានបើកវគ្គ បណ្ដុះបណ្ដលជាមូលដ្ឋានលើកទី១ ជូនដល់សាស្ត្រាចារ្យ និងនិស្សិត ចំនួន៦០រូប ដែលជាយុវជន កាកបាទ ក្រហមកម្ពុជាថ្មី ចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោកបានមានប្រសាសន៍បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះបានផ្ដោតសំខាន់ទៅលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖
១. ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្ដរជាតិ និងច្បាប់មនុស្សធម៌អន្ដរជាតិ
២. គោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមកម្ពុជា ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ
៣. ខ្លឹមសារគោលនយោបាយ និងការងារគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហមកម្ពុជា
៤. ស្វែងយល់ និងអនុវត្តពីវិជ្ជាសង្គ្រោះបឋម
៥. សិក្សាស្វែងយល់ពីសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ល។
ជាមួយគ្នានោះផងដែរ លោក លី ឆេង សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជន កាកបាទ ក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា កន្លងមក ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជា ការបរិច្ចាគឈាម ការផ្តល់អំណោយជូនចាស់ជរា ស្រ្តីសម្រាលកូន ក្មេងកំព្រា ប្រជាជនក្រីក្រតាមមូលដ្ឋាន ការដាំកូនឈើ ការសម្អាតបរិស្ថាននិងសកម្មភាពសង្គមផ្សេងៗទៀត តាមរយៈ ប៊ែលធីសប្បុរសធម៌ (BELTEI Charity)។
លោកក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានអនុញ្ញាតឲ្យប៊ែលធី បង្កើតក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា លោកពិត ជាមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ជូនដល់ សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី ចំនួន ៦០រូប នាថ្ងៃនេះ។
ឋិតក្នុងឱកាសនោះ លោក ក៏បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រា ចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុបទាំងមូលផងដែរ។
ជាមួយគ្នានោះដែរ លោក ក៏បានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះការរីកចម្រើន និងសមិទ្ធផលនានារបស់ ប៊ែលធីដែលទទួលបានកន្លងមក ជាពិសេស សកម្មភាពមនុស្សធម៌របស់ប៊ែលធី ដែលបានរួម ចំណែកយ៉ាង សកម្មជាមួយកាកបាទក្រហមកម្ពុជា ក៏ដូចជា ជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងមូល។
លោកក៏បានចូលរួម អបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានទទួលការបំពាក់កន្សែងចូលជាសមាជិកថ្មីរបស់កាកបាទក្រហមកម្ពុជានាថ្ងៃនេះ។
ជាទីបញ្ចប់ លោក ពិត ចំណាន បានបំពាក់កន្សែងជូនដល់សាស្ត្រាចារ្យ និងនិស្សិតប៊ែលធីទាំង ៦០រូប ដែលជាយុវជនកាកបាទក្រហមកម្ពុជាថ្មី និងបានថតរូបអនុស្សាវរីយ៍ជុំគ្នានាពេលនោះផងដែរ ៕