(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់យុទ្ធសាស្រ្ត៨ចំណុច សម្រាប់យុទ្ធនាការក្តៅបង្ក្រាបគ្រឿងញៀន ឆមាសទី១ ដើមឆ្នាំ២០១៧ ខាងមុខនេះ។

យុទ្ធសាស្រ្តទាំង៨ចំណុចនោះ ត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំង​គ្រឿងញៀនខុស​ច្បាប់ លើកទី០១ រយៈពេល០៦ខែ (គិតចាប់​ពីថ្ងៃទី​០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្តេចក្រឡាហោម ស ខេង បានសំណូមពរឱ្យស្ថាប័ន្ធពាក់ព័ន្ធក្នុងយុទ្ធនាការបង្រ្កាបគ្រឿងនេះអនុវត្តដូចជា៖
ទី១៖
ត្រូវយល់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាបញ្ហាស្មុតស្មាញទាក់ទឹនដល់ច្រើនបញ្ហាមានលក្ខណៈបែបពហុវិស័យ ដែលទាមទារឲ្យមាន​ការចូលរួមពី​គ្រប់​សមាស​ភាព នៃសង្គមរួមទាំងក្រសួង ស្ថាប័នអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលជាតិ និងអន្តជាតិ វិសិយឯកជន ប្រជាពលរដ្ឋព្រមទាំងយន្តការក្នុង និងក្រៅប្រទេស​ផងដែរ។ ក្នុងនោះតម្រូវឲ្យ លោក លោកស្រី ដែលកំពុងមានវត្តមានក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រួវខ្ពស់តាមតួនាទី និងភារកិច្ច​ដែល​មានការពាក់ព័ន្ធ ព្រមទាំងសហការគ្នាឲ្យបានស្អិតរមួត ដើម្បីឲ្យចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដំណើរការទៅដោយផុលផុស សកម្មភ្លៀវភ្លា ។

ទី២៖ គ្រប់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះ​យន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយត្រូវ​ជំរុញ និងគាំទ្រយន្តការនោះឲ្យអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន តាមគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀនដែលបានដាក់ចេញកន្លងមក។ចំពោះ​ក្រសួង ស្ថាប័ន និងគណៈបញ្ជាការឯកភាពរដ្ឋបាល​ដែលពុំទាន់បានរៀបចំត្រូវពិនិត្យ ចាត់តាំងសមាសភាពមន្រ្តីទទួលបន្ទុកកិច្ចការនេះជាបន្ទាន់ ដើម្បីធ្វើឲ្យការ​ចូលរួម​អនុវត្ត​ផែនការយុទ្ធនាការទទួលបានលទ្ធផលល្អ។

ទី៣៖ គោលការណ៍ និងវិធានការនៃផែនការរបស់​រាជរដ្ឋាភិបាលស្ដីពីយុទ្ធនាក​រាប្រយុទ្ធប្រឆាំង​គ្រឿងញៀនលើកទី១ បានកំណត់យ៉ាងច្បាស់នូវ​គោលដៅដែល​ត្រូវធ្វើ​ដំណើរឆ្ពោះ​ទៅ លុបបំបាត់ បោសសម្អាត​គ្រឿងញៀននៅក្នុង​ប្រទេសរបស់យើង។ ដូច្នោះផ្អែកតាមផែន​ការនេះ និងផ្អែកលើតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័នដែល​មានការពាក់​ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលថ្នាក់នីមួយៗ ត្រូវកសាងផែនការជាកស្ដែង និងចាត់តាំផ្សព្វផ្សាយ​ដល់អ្នកពាក់ព័ន្ធទាំង​អស់ក្រោម​ឱវាទឲ្យបាន​ទាន់ពេលវេលា សំដៅធានាការចាប់ផ្ដើម​អនុវត្តតាមកាល​បរិច្ឆេទកំណត់គឺនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ។

ទី៤៖ ក្នុងតំណាក់កាលអនុវត្តផែនការយុទ្ធ​នាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុស​ច្បាប់លើកទី១នេះ គ្រប់ក្រសួងស្ថាប័នដែក​មានការពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាព​រដ្ឋបាលរាជធានី ខេត្តត្រូវ​ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ខែ ត្រីមាស ផ្ញើរមកលេខាធិកាដ្ឋាន​ឲ្យបានទឿងទាត់ ដើម្បីបូកសរុករាយការណ៍ និងសុំគោលការណ៍​ចង្អុលដឹក​នាំទាន់​ពេលវេលា ។ហេតុនេះដើម្បីធានាអនុវត្តចំណុចនេះក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ និងគណៈបញ្ជាការឯក​ភាពរដ្ឋបាលរាជធានី-ខេត្ត ចាំបាច់ត្រូវមានការ​ដឹកនាំ ណែនាំយន្តការក្រោមឱវាទឲ្យបាន​ម៉ត់ចត់​ដោយត្រូវរៀបចំកម្មវិធីការ​ងារ​ឲ្យបានច្បាស់លាស់ និងមានការត្រួត​ពិនិត្យជាប្រចាំ។

ទី៥៖ ដើម្បីជំរុញឲ្យចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានសកម្មផុសផុល សស្រាក់សស្រាំនៅទូទាំងប្រទេស លេខាធិកាដ្ឋាននៃយុទ្ធនាការនេះ ត្រូវរៀប​ចំកិច្ចប្រជុំ​បើកទូលាយជាមួយសមាសភាព ពាក់ព័ន្ធសំខាន់ៗ ក្នុងសង្គមដូចជា៖ វិទ្យុ ទូរទស្សន៍ អន្តជាតិ ម្ចាស់រង្គសាល សណ្ឋាគារ ក្លឹបកំសាន្ត -ល- ដើម្បីផ្សព្វផ្សាយ និងគៀងគរ​ឲ្យមានការចូលរួមគាំទ្រព្រមទាំងសហការបានច្រើនកុះករ ។ដោយឡែកនៅថ្នាក់រាជធានី ខេត្តក៏ត្រូវរៀបចំប្រជុំរប្រៀបដូចគ្នានេះដែរ ដោយអញ្ជើញ​សមាសភាព នានាដែលមានទីតាំង បំពេញការងារ រឺប្រកបអាជីវកម្មនៅក្នុងភូមិសាស្រ្ត និងដែនសមត្ថកិច្ចរបស់ខ្លួន ។

ទី៦៖ ទន្ទឹមនឹងការតាមដានបូកសរុបរាយការណ៍ប្រចាំថ្ងៃ និងសប្ដាហ៍ លេខាធិកាដ្ឋានត្រូវរៀបចំប្រជុំដើម្បីត្រួតពិនិត្យដឹកនាំអនុវត្តយុទ្ធការនេះ ឲ្យបានទៀងទាត់ក្នុងរយៈ​ពេល២សប្ដាហ៍​ម្ដង សម្រាប់ក្រសួងស្ថាប័ននៅថ្នាក់កណ្ដាល និងប្រជុំដកពិសោធន៍មួយខែម្ដងក្នុងក្របខណ្ឌទូទាំងប្រទេស ។

ទី៧៖ ត្រូវយកចិត្តទុកដាក់តាមដាន​កត់ត្រានូវស្នាដៃអង្គភាព និងបុគ្គលសម្រេចបានរួមទាំង​បុគ្គលដែលនៅក្នុងសង្គមខាងក្រៅផង សំដៅមានវិធានការសរសើរ ជូនរង្វាន់ និងលើកទឹកចិត្តឲ្យបានសមស្រប ដើម្បីបំផុសស្មារតីចូល​រួមឲ្យក្លាយជាចលនា ជាតិប្រកបដោយថាមពល ។

ទី៨៖ ត្រូវម្ចាស់ការពីដើមទី ដើម្បីត្រៀមលក្ខណៈក្នុងការបូកសរុប វាយតម្លៃសន្និដ្ឋាន ឲ្យបានត្រឹមត្រួវពីការប្រែប្រួលនៃ​សភាពការណ៍គ្រឿងញៀន​នៅព្រះរាជណា​ចក្រ​កម្ពុជា បន្ទាប់ពីអនុវត្តផែនការយុទ្ធការប្រយុទ្ធប្រឆាំងគ្រឿញៀនខុសច្បាប់លើកទី១នេះ សំដៅពិចារណរផ្ដើមស្នើរដ្ឋាភិបាលដាក់​ចេញនូវវិធានការចាំបាច់​នានាជាបន្តទៀត សម្រាប់រយៈពេលខាងមុខ។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ​ផែនការ ស្តីពីយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​​គ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀនជា អនុប្រធាន៕