(ភ្នំពេញ)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោកស្រី កែ សួនសុភី ជាប្រធានកិត្តិយសនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចូលរួមក្នុងពិធីជួបជុំថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជាង១០០នាក់ ដែលបានចុះជួយពិនិត្យ និងព្យាបាលជំងឺជូប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលកន្លងមក ។
ពិធីជួបជុំនេះ រៀបចំឡើងនៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកីឡា 3G។
លោក ខៀវ ភារិទ្ធ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ស សុខា បានថ្លែងថា ក្រុមគ្រូពេទ្យទាំងអស់មានសេចក្តីរីករាយ ដែលទទួលបានណែនាំពីលោក ស សុខា និងលោកស្រី ក្នុងការរៀបចំកម្មពិធីជួបជុំថ្លែងអំណរគុណនេះឡើង ហើយពិធីនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមយ៉ាងសកម្ម ដើម្បីចុះជួយព្យាបាលឥតគិតថ្លៃជូនបងប្អូន ប្រជាពលរដ្ឋក្រីក្រ នៅតាមស្រុកដាច់ស្រយ៉ាល់មួយចំនួន។
លោកបានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះជួយព្យាបាលឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៤ស្រុក រួចមកហើយរួមមាន៖
១៖ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ចុះនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦ បានសហការជាមួយឫក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០០នាក់ ជួយព្យាបាលឥតគិតថ្លៃ ផ្នែកវះកាត់តូចបានចំនួន២១នាក់ ផ្នែកមាត់ធ្មេញចំនួន១៩៣នាក់ ផ្នែកអេកូ ចំនួន៦៨នាក់ ចែកថ្នាំ និងពិនិត្យព្យាបាលជំងឺទូទៅ ព្រមទាំងចំនួន១៣៤៨នាក់ ដែលមានប្រជាពលរដ្ឋចំនួន ១៦៣០នាក់ចូលរួម។
២៖ ស្រុកពួក ខេត្តបន្ទាយមានជ័យ ចុះនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦ បានសហការជាមួយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពួក ចំនួន១៣៩នាក់ជួយព្យាបាលឥតគិតថ្លៃ ផ្នែកវះកាត់តូចបានចំនួន៣៣នាក់ ផ្នែកមាត់ធ្មេញចំនួន៣៦៨នាក់ ផ្នែកអេកូចំនួន៦៥នាក់ ចែកថ្នាំ និងពិនិត្យព្យាបាលជំងឺទូទៅ ព្រមទាំងចំនួន៣២៤០នាក់ ដែលមានប្រជាពលរដ្ឋចំនួន ៣៧០៦នាក់ចូលរួម។
៣៖ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចុះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ បានសហការជាមួយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពុងត្របែកចំនួន១៥៧នាក់ជួយព្យាបាលឥតគិតថ្លៃ ផ្នែកវះកាត់តូចបានចំនួន១៨នាក់ ផ្នែកមាត់ធ្មេញចំនួន២៦៥នាក់ ផ្នែកអេកូចំនួន៤២នាក់ ចែកថ្នាំ និងពិនិត្យព្យាបាលជំងឺទូទៅ ព្រមទាំងចំនួន១១៥៨នាក់ ដែលមានប្រជាពលរដ្ឋចំនួន ១៤៨៣នាក់ចូលរួម។
៤៖ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ចុះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានសហការជាមួយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាព្រះស្តេចចំនួន៧៤នាក់ជួយព្យាបាលឥតគិតថ្លៃ ផ្នែកវះកាត់តូចបានចំនួន៣៩នាក់ ផ្នែកអេកូចំនួន៤៩នាក់ ចែកថ្នាំ និងពិនិត្យព្យាបាលជំងឺទូទៅ ព្រមទាំងចំនួន១៨០៧នាក់ ដែលមានប្រជាពលរដ្ឋចំនួន១៨៩៥នាក់ចូលរួម។
ក្នុងឱកាសនេះដែរ លោក ស សុខា ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្នុងការចូលបម្រើដល់សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ៕