(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រម ផ្ដន្ទាទោសជនជាតិអង់គ្លេសម្នាក់ អាណិកជនខ្មែនៅអាមេរិក២នាក់ និងស្ត្រីខ្មែរម្នាក់ ដោយម្នាក់ៗត្រូវដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ក្រោមបទចោទប្រកាន់ពីបទ «រក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់»។
មន្រ្តីតុលាការបានឲ្យដឹងថា ជនជាប់ចោទទី១-លោក Peter Richard gold អាយុ៦៨ឆ្នាំ ជនជាតិអង់គ្លេស ទី២-ឈ្មោះ ស៊ឹម លី ភេទស្រី អាយុ២៣ឆ្នាំ។ ជនជាប់ទាំង២នាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ៥ឆ្នាំ និងពិន័យឲ្យបង់ចូលថវិការដ្ឋម្នាក់ៗ ៦លានរៀល ក្រោមបទចោទប្រកាន់ «រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្ដីពីកាត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៥ នៅក្នុងខណ្ឌដូនពេញ។ ទី៣-ឈ្មោះ សុវណ្ណ ហូល ហៅឌីជេស៊ប់ អាយុ៥៩ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ឲ្យបង់ចូលថវិការដ្ឋចំនួន ៤លានរៀល និងទី៤-ឈ្មោះ អែម សេង ភេទប្រុស ជាអនិកជនខ្មែរនៅអាមេរិកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ និងពិន័យប្រាក់ ៥លានរៀល។
បើតាមមន្រ្តីតុលាការសាលក្រមនេះ បានបើកផ្លូវឲ្យជនជាប់ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការបង្ក្រាប អំពើជួញដូរគ្រឿងញៀនមួយ នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនលោក Peter Richard Gold និងសង្សាររបស់គាត់ឈ្មោះ ស៊ឹម លី។ ពេលនោះកម្លាំងនគរបាលបានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់ ៤.៦៩ក្រាម ពីក្នុងផ្ទះរបស់គាត់ផងដែរ៕