(កោះកុង)៖ ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តបានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្ត ចុះទៅពិនិត្យធ្វើការសង្កេត និងត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ ទៅលើ២ចំណុច៖ ទី១-ពិនិត្យបន្លែផ្លែឈើនៅមាត់ច្រកទ្វារអន្តរជាតិចាំយាម និងទី២-ចុះពិនិត្យរាល់មុខទំនិញរបស់អាជីវករដាក់តាំងលក់នៅតាមផ្សារនិងតាមលំនៅដ្ឋាន។
លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្ត បានលើកឡើងថា ការចុះផ្សព្វផ្សាយនិងធ្វើការពិនិត្យ និងធ្វើការពិនិត្យទំនិញក្នុងគោលបំណងដើម្បីកំណត់រក សូចករនៃគ្រោះទំនិញដែលជាគ្រឿងឧបភោគបរិភោគ ដែលមានលក្ខណៈមិនប្រក្រតីដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដាក់តាំងលក់នៅលើទីផ្សារជាអាទ៍ គឺទំនិញហួសកំណត់រយៈពេលប្រើប្រាស់ ទំនិញដែលគ្មានស្លាសញ្ញាត្រឹមត្រូវ មានចំឡងមេរោគប្រែប្រួលខូចគុណភាព និងទំនិញដែលមានលួចដាក់បន្ថែមសារធាតុគីមីដែលត្រូវហាមឃាត់ជាពិសេសគឺផ្តោតជាសំខាន់ទៅលើការចរាចបន្លែស្រស់ៗ ទាំងបន្លែនាំចូលទាំងបន្លែដាំក្នុងស្រុក។
លោកបន្តថា ការចុះពិនិត្យ និងផ្សព្វផ្សាយរបស់សាខាកាំកុងត្រូល លោកបានធ្វើការណែនាំអំពីលក្ខណៈអនាម័យណែនាំការដាក់តាំងលក់ សាច់មាន់ សាច់ទា សាច់គោសាច់ជ្រូក-ល- រួមទាំងផលិតផលម្ហូបអាហារមួយចំនួនទៀត ដែលប្រជាពលរដ្ឋយើងនិយមទទួលទានឬប្រើប្រាស់ប្រចាំថ្ងៃ។
ហើយជាមួយគ្នានេះដែរ ក្រុមការងារលោកបានធ្វើការវិភាគទៅលើទំនិញដាក់តាំងលក់ដែលជាម្ហូបអាហារមានដូចជា៖ មឹកស្រស់បង្គាស្រស់ដើម្បីស្វែងរកសារធាតុ Formalino និងត្រួតពិនិត្យ ទៅលើបន្លែស្រស់ៗជាពិសេសគ្រឿងលាយស្រាប់ៗដើម្បីស្វែងរកសារធាតុម្សៅស Sodum hydrosulphite ដែលច្បាប់ហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់ ជាលទ្ធផលយើងពុំបានរកឃើញមានឃើញវត្តមានសារធាតុទាំងនេះ មានការប្រើប្រាស់នៅលើមុខទំនិញខាងលើទេ។
ហើយលទ្ធផលក្នុងការត្រួតពិនិត្យទំនិញថ្ងៃនេះ ក្រុមការងារមិនបានរកឃើញមុខទំនិញណា មានសារធាតុគីមី ឬហួសឌឺឡេឡើយ ព្រោះប្រជាពលរដ្ឋ និងអាជីវករគាត់មានការយល់ដឹងខ្ពស់ និងពិសេសបញ្ហាសុខភាពជាចម្បង។
លោក ជា នី បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអាជីវករលក់ដូរ ឥឡូវគាត់មានការយល់ដឹងខ្ពស់ ដោយមន្រ្តីសាខាកាំកុងត្រូលខេត្ត ចុះធ្វើការផ្សព្វផ្សាយជាញឹកញាប់ ហើយធ្វើការណែនាំឲ្យគាត់ចេះមើល ពីថ្ងៃខែឆ្នាំផលិតរបស់ក្រុមហ៊ុន ដែលនាំចូលមុននឹងទិញយកមកដាក់តាំងលក់បន្ត។
លោកសូមឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមសហការ ជាមួយអាជ្ញាធរ បើមានទំនិញណាខូចគុណភាព ដែលមានអាជីវករដាក់ តាំងលក់ត្រូវរាយការណ៍ជូនសមត្ថកិច្ចភ្លាម ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាព៕