(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្ទីរពាណិជ្ជកម្ម ក្រោមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យគ្រឿងសមុទ្រ ដែលដាក់លក់នៅតាមផ្ទះ តំបន់ត្រឡោកបែក នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ទី រ៉ូនី ប្រធានសាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា លោករួមនឹងមន្រ្តីរបស់ខ្លួន ចុះត្រួតពិនិត្យទៅលើគ្រឿងសមុទ្រ ដែលមិនទាន់ចំអិន រួមមាន៖ បង្គារ មឹក និងគ្រឿងសមុទ្រជាច្រើនទៀត ដែលដាក់លក់នៅតាមផ្ទះបណ្តោយផ្លូវ ៥៩៨ តំបន់ត្រឡោកបែកនេះ ហើយក្នុងពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានយកគំរូអាហារសមុទ្រ ធ្វើការវិភាគផ្ទាល់នៅមន្ទីរពិសោធន៍ចល័ត រកសារធាតុគីមី ហ្វ័រម៉ាលីន ( Formalin) នៅក្នុងអាហារទាំងនេះ ដើម្បីមានវិធានការ សមស្របទៅតាមច្បាប់ ចំពោះអាជីវករណា ដែលលួចដាក់នូវសារ ធាតុគីមី ដែលច្បាប់បានហាមឃាត់ដែលធ្វើឲ្យប៉ះពាល់សុខភាពសារធារណៈ។
លោកប្រធាន បានធ្វើការណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភព អាស័យដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់សមត្ថកិច្ចកាំកុងត្រូលក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយអាហារសមុទ្រទាំងនេះ។
ជាមួយគ្នានោះ លោក ទី រ៉ូនី បញ្ជាក់ថា មន្រ្តីជំនាញរបស់លោកដែលបានចុះ យកបង្គារ មឹក ធ្វើការត្រួតពិនិត្យដោយផ្ទាល់នៅមន្ទីរពិសោធន៍ចល័តតាមរថយន្ត ដើម្បីតាមដាន និងកែលំអដល់អាជីវករលក់ដូរ ក្នុងការទទួលខុសត្រូវផលិតផល របស់ខ្លួន។
ជាងនេះទៅទៀត លោកក៏ បានអំពាវនាវដលើបងប្អូនអ្នកលក់ដូរ សូមកុំប្រើសារធាតុដែលហាមឃាត់ ដែលប៉ះពាល់ ដល់សុខភាពប្រជាជន អ្នកប្រើប្រាស់ ហើយក៏ស្នើសុំដល់ប្រជាពលរដ្ឋទូទៅ កុំបារម្ភលើបញ្ហានេះ និងសូមជួយផ្តល់ដំណឹងពីទីតាំង ឬកន្លែងណា ដែលមានដាក់សារធាតុហាម ឃាត់លើចំណីអាហារ ដើម្បីនាយកដ្ឋាន កាំកុងត្រួលចុះត្រួតពិនិត្យ និងមានវិធានការតាមច្បាប់៕