(ភ្នំពេញ)៖ រោងភាពយន្តលេជេន (Legend) ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន នឹងរៀបចំព្រឹត្តិការណ៍ ដ៏ធំមួយដំបូងគេ ជាប្រវត្តិសាស្រ្ត នៅកម្ពុជា គឺព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំ២០១៦ (Movies of The Years 2016) ក្នុងគោលបំណងលើកស្ទួយ វិស័យភាពយន្តនៅកម្ពុជា ដែលនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។
កញ្ញា កែវមរកត បុគ្គលិកប្រតិបត្តិផ្នែកទីផ្សារ របស់រោងភាពយន្ត លេជេន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន និងផលិតកម្មធំចំនួន ៨ នឹងត្រូវបានអញ្ជើញ ឲ្យចូលរួម ក្រោយពីខ្សែភាពយន្តរបស់ពួកគេ បានក្លាយជាខ្សែភាពយន្តដ៏ល្បីពេញនិយម និងរកប្រាក់ចំណូលបានខ្ពស់សម្រាប់ឆ្នាំនេះ មានដូចជា ក្រុមហ៊ុន WML,Sabay MVP ផលិតកម្ម RED PICTURE ផលិតកម្ម LD Picture ផលិតកម្ម មហាហង្ស ផលិតកម្ម Rock និងផលិតកម្ម ឥន្ទ្រានិម្មិតជាដើម។ ផលិតករ និងក្រុមហ៊ុនទាំងអស់ នឹងមានឱកាស បង្ហាញគម្រោងការងារផលិត និងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗ របស់ពួកគេនាពេលអនាគត ក្នុងឱកាសនេះ។
កញ្ញា កែវ មរកត បានថ្លែងបន្តឲ្យដឹងទៀតថា យ៉ាងហោចណាស់មានភាពយន្តខ្មែរល្បីឈ្មោះ ដែលរកប្រាក់ចំណូលខ្ពស់ប្រចាំ រោងភាពយន្តលេជេន (Legend) ចំនួន៧រឿង មកពីផលិតកម្មផ្សេងៗ ពីគ្នាបន្ទាប់ពីធ្វើការបោះឆ្នោត និងត្រូវជ្រើសរើសឲ្យចូលរួម ព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំ២០១៦ (Movies of The Years 2016)នេះ។កម្មវិធីនេះ នឹងត្រូវប្រារព្ធឡើង នៅរោងភាពយន្តលេជេន សាខាទួលគោក ក្នុងបរិវេណផ្សារទំនើប TK Avenue ចាប់ពីម៉ោង៤៖៣០នាទីរសៀលតទៅ ហើយនិងមានអ្នកចូលរួម ពីសំណាក់សិល្បករ ផលិតករ ប្រមាណជាង២០០នាក់។ កម្មវិធីនេះក្រៅពីបង្កើតបរិយាកាស ទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុង វិស័យភាពយន្តនៅកម្ពុជា ក៏មានគោលបំណងជួយជំរុញលើកកម្ពស់ ការផ្សព្វផ្សាយវិស័យខ្សែភាពយន្ត នៅកម្ពុជាផងដែរ។
បុគ្គលិកប្រតិបត្តិផ្នែកទីផ្សារ របស់រោងភាពយន្ត លេជេនដ៏ស្រស់ស្អាតរូបនេះ បានសង្កត់ធ្ងន់ថា ផលិតករ និងក្រុមហ៊ុនទាំងនេះនឹងទទួលបាននូវលិខិតសរសើរ ហើយសម្រាប់ខ្សែភាពយន្ត ដែលទទួលបានការបោះឆ្នោតគាំទ្រ ពីសំណាក់អ្នកគាំទ្រច្រើនជាងគេ កន្លងមកគឺរឿង«កំណត់ហេតុនាងនាថ»នឹងត្រូវបានយកមកចាក់បញ្ចាំង ជូនអ្នកចូលរួមទស្សនា នាឱកាសនោះ។ អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធី នេះគឺមានការចូលរួមច្រៀង និងរាំពីតារាចម្រៀងដ៏ល្បី ពីផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ និងក្រុមរាំអូ អឹម ជី(OMG)។
តំណាងរោងភាពយន្តលេជេន បានបង្ហាញក្ដីរំពឹងថា ព្រឹត្តិការណ៍លើកដំបូងនៅកម្ពុជានេះ នឹងបានចូលរួចចំណែកលើកស្ទួយ វិស័យខ្សែភាពយន្តនៅកម្ពុជាហើយរោងភាពយន្ត លេជេន នឹងព្យាយាមពង្រីកកម្មវិធីនេះ ឲ្យកាន់តែធំសម្រាប់ឆ្នាំ ក្រោយៗទៀត។
ក្រុមហ៊ុន និងផលិតកម្មចំនួន៨ ដែលផលិតក្នុងស្រុករួមទាំងភាពយន្ត នាំចូលសរុបចំនួន១១រឿង ដែលទទួលបានការគាំទ្រច្រើន មានដូចជាភាពយន្តរឿង «អ្នកនាងម្ចាស់ឡឺកឺ» របស់ផលិតកម្ម មហាហង្ស, រឿង «ចន្ទ្រា» របស់ផលិតកម្ម អង្គរភីឈ័រ, រឿង «សិស្សប្អូនសំណព្វចិត្ត»របស់ផលិតកម្មរ៉ក់ (Rock), រឿង«កំពូលអ្នកសុំទានជួបស្នេហ៍» របស់ផលិតកម្ម អិលឌី (LD Picture), រឿង «ទង់ព្រលឹង» របស់ផលិតកម្មរ៉េដ (RED Picture), រឿង«កំណត់ហេតុនាងនាថ» របស់ផលិតកម្មឥន្ទ្រានិម្មិត, រឿង«Joking Jazz 4G, Captain America,The Conjuring 2» របស់ ក្រុមហ៊ុនវេសស្តេក(WML), រឿង« ប៉ុបពីទៅហូលីវូដ»និងរឿង«Fast 888» របស់ក្រុមហ៊ុនសប្បាយ( Sabay MVP) ជាដើម៕