(បាត់ដំបង)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យមើលចំណុចផ្ទុះមីនតោនកន្លងទៅ នៅស្ថិតក្នុងចំណុចស្រែពន្លក ភូមិកណ្ដាល ឃុំស៊ុង ស្រុកសំឡុត ដើម្បីមានវិធានការសហការជាមួយអង្គភាព ស៊ីម៉ាក់ទប់ស្កាត់ និងពន្លឿនក្នុងដោះមីនឲ្យបានឆាប់ ដើម្បីសុវត្តិភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ដីធ្វើស្រែចម្ការចិញ្ចឹមជីវិតប្រចាំថ្ងៃ។
បន្ទាប់ពីក្រុមការងារបានចុះទៅដល់ បានធ្វើការរាវជុំវិញកន្លែងផ្ទុះ ក៏ប្រទះឃើញមានមីនមួយទៀត ប្រភេទមីន69 នៅលើភ្លឺស្រែរតែមួយនោះ ហើយបន្ដទៅត្រួតពិនិត្យចំការមីនមួយកន្លែងទៀត ដែលស៊ីម៉ាក់កំពុងបោសសំអាត នៅក្នុងចំណុចភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត បានរាវរកឃើញមីនតោនក្នុងមួយរណ្ដៅមាន៣គ្រាប់ ដែលជាប្រភេទមីនសល់ពីសង្គ្រាម ហើយប្រគល់អង្គភាពប្រចាំការ នៅមូលដ្ឋាន ធ្វើការ ដោះស្រាយឲ្យបានឆាប់ផងដែរ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី សេរី កុសល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសំឡូតទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ដីភ្ជួរស្រែ ចម្ការ របស់ខ្លួនសូមពិនិត្យឲ្យបានម៉ត់ចត់ បើឃើញមានឆាប់រាយទៅជំនាញ ឬអាជ្ញាធរដែលនៅជិត បំផុតឲ្យជួយ ដោះស្រាយជាបន្ទាន់ ជៀសវាងមានការគ្រោះថ្នាក់បាត់ជីវិតដល់បងប្អូន៕