(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ ចុះសួរសុខទុក្ខកុមារា ខែង សៀវឡាង អាយុ២ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានមកសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ដោយជួបគ្រោះថ្នាក់គ្រាប់ភ្នែកខាងស្តាំជុងនឹងសម។
ក្នុងនោះរដ្ឋមន្ដ្រី ក៏បានជួយឧបត្ថម្ភជាថវិកាចំនួន ២,០០០,០០០រៀល ដល់ក្រុមគ្រួសារកុមារា និងចំពោះថ្លៃព្យាបាល និងស្នាក់នៅសម្រាប់ កុមារាខាងលើ គឺទទួលបានពីមូលនិធិសមធម៌របស់រដ្ឋាភិបាល និងថ្លៃសម្រាប់ដាក់កែវភ្នែកសិប្បនិម្មិត គឺទទួលបានការជួយឧបត្ថម្ភពីលោក លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។
លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមគ្រួសារកុមារា ឱ្យចេះថែទាំសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថា្នក់កើតមាន ដោយចៃដន្យម្តងទៀត៕