(ភ្នំពេញ)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី១៧ ដែលបានរៀបចំដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា ដែលជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សា ស្ដង់ដារជាតិ។
កិច្ចប្រជុំនេះ ធ្វើការពិនិត្យពិភាក្សា និងអនុម័តលើ សេចក្តីព្រាងស្តង់ដារដែលបានពិនិត្យនិងពិភាក្សាដោយ គណៈកម្មការបច្ចេកទេស រួមមាន៖
១៖ ស្តង់ដារ ISO ចំនួន ៥ ពាក់ព័ន្ធនឹងសាធាតុធ្វើឲ្យត្រជាត់សម្រាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់
២៖ ក្រមអនុវត្តចំនួន៤ សម្រាប់ផលិតកម្មកែច្នៃទឹកត្រី បង្គាក្រៀម បង្គាបង្កក និងសាច់ក្តាម និង
៣៖ វិធីសាស្ត្រធ្វើតេស្តរបស់ស្តង់ដារអន្តរជាតិ ISO ចំនួន៧៣ ជាស្តង់ដារជាតិ។
ស្តង់ដារ ISO ចំនួន ៥ ពាក់ព័ន្ធនឹងសាធាតុធ្វើឲ្យត្រជាត់សម្រាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ជាស្តង់ដារដែលត្រូវការចាំបាច់សម្រាប់កម្ពុជាអនុវត្តអនុសញ្ញាវីយ៉េនស្តីពីកិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។
ក្រមអនុវត្តចំនួន៤ សម្រាប់ផលិតកម្មកែច្នៃទឹកត្រី បង្គាក្រៀម បង្គាបង្កក និងសាច់ក្តាម ជាក្រមអនុវត្តសម្រាប់ជួយ ដល់ផលិតកម្មកែច្នៃទឹកត្រី បង្គាក្រៀម បង្គាបង្កក និងសាច់ក្តាម ឲ្យអនុវត្តបានត្រឹមត្រូវតាមគោលការណ៍សុវត្ថិភាព និងអនាម័យម្ហូបអាហារ ដែលស្តង់ដារតម្រូវ។ វិធីសាស្ត្រធ្វើតេស្តរបស់ស្តង់ដារអន្តរជាតិ ISO ចំនួន៧៣ ជាឯកសារយោងយ៉ាងសំខាន់ សម្រាប់ការធ្វើតេស្តរកប៉ារ៉ាមែត្រដែលកំណត់នៅក្នុងស្តង់ដារជាតិ។
បច្ចុប្បន្ននេះ វិទ្យាស្ថានស្ដង់ដារកម្ពុជា ដែលជាលេខាធិការដ្ឋានរបស់គណៈកម្មការបច្ចេកទេសស្ដង់ដារ និងក្រុមប្រឹក្សាស្តង់ដារជាតិ បាននឹងកំពុងបន្តខិតខំរៀបចំ សេចក្តីព្រាងស្តង់ដារ និងពិនិត្យស្តង់ដារអន្តរជាតិ តាមវិស័យចាំបាច់នានា ដែលជាអាទិភាពដើម្បីអនុម័ត្តជាស្តង់ដារជាតិ សម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេស ដើម្បីចូលរួមអនុវត្តកិច្ច ព្រមព្រៀងអាស៊ានស្តីពីការធ្វើពាណិជ្ជកម្មទំនិញ នៅពេលខាងមុខ និងកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្ម ពិភពលោកស្តីពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម និងបន្តចូលរួមជាមួយរដ្ឋាភិបាល ក្នុងការការពារសុវត្ថិភាពអ្នកប្រើប្រាស់ ធានាសុខុមាលភាពសាធារណៈ បរិស្ថាន និងសម្របសម្រួលដល់ការ ធ្វើពាណិជ្ជកម្មជាតិ និងអន្តរជាតិ៕