(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចនៅតែចងចាំជានិច្ចនូវគំរូវីរភាពរបស់យុទ្ធមិត្ត ដែលបានស្លាប់បាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសយុទ្ធមិត្តប្រកៀកស្មារំដោះប្រទេសចេញពីរបបខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដែលបានធ្វើឡើងពីថ្ងៃទី២០ ដល់២១ ខែធ្នូ ក៏បានឈាងចូលទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ ៤៩រូប នៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា នៅខេត្តដុងណាយ ប្រទេសវៀតណាម។
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្រ្តី តាមរយៈទំព័រ Facebook របស់សម្តេច បានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងពេលសម្តេច អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធវីរយុទ្ធទាំងអស់នោះ។ សម្តេចតេជោ ហ៊ុន សែន បានក៏បានបញ្ជាក់ថា យុទ្ធជនទាំង ៤៩រូបនេះ គឺជាកូនទាហានផ្ទាល់របស់សម្តេច ហើយបានស្លាប់បាត់បង់ជិវិតក្នុងពេលតស៊ូរំដោះប្រទេសចេញពីរបបខ្មែរក្រហម។
សម្តេចតេជោ បានគូសបញ្ជាក់លើទំព័រ Facebook ថា «ច្បាស់ណាស់ គឺមានវិរៈយុទ្ធជន និងពលរដ្ឋជាច្រើនបានស្លាប់ ក្នុងការចូលរួមរំដោះប្រទេសពីរបបប៉ុលពត ដែលយើងមិនអាចបំភ្លេចបានឡើយ។ ដោយឡែកយុទ្ធជន ដែលបានពលីអាយុជីវិតទាំង ៤៩នាក់នេះ ជាយុទ្ធជនស្មោះត្រង់បំផុត ដែលបានរួមដំណើរបម្រើការងារជាកូនទា ហានផ្ទាល់របស់សម្តេចតេជោ ក្នុងភារកិច្ចដ៏ថ្លៃថ្លារំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩)»។
សម្តេចតេជោ បន្ថែមថា បើទោះបីយុទ្ធមិត្តទាំងអស់នេះ បានពលីអាយុជីវិតនៅទីណាក៏ដោយ ក៏សម្តេចតេជោ នៅតែចងចាំជានិច្ចនូវគំរូវីរភាពអង់អាចក្លាហានរបស់ពួកគេ ហើយបានរៀបចំកន្លែងបូជនីយដ្ឋានបូជាសមរម្យ ដើម្បីគោរពរំលឹកវិញ្ញាណក្ខន្ធ។
ក្នុងឱកាសទៅគោរពវិញ្ញាណក្ខន្ធនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំទោសដល់អតីតយុទ្ធជនទាំង ៤៩រូប ដែលសម្តេចមិនអាចស្វែងរកក្រុមគ្រួសាររបស់ពួកគេ ហើយត្រូវបញ្ចុះពួកគេនៅលើទឹកដីវៀតណាម៕