Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ ទទួលកៅស៊ូ​ត្រជាក់​៧០០តោន ពី​ក្រុមហ៊ុន​ឯកជន​ចំនួន​២ ដើម្បី​ប្រើប្រាស់​ក្នុងការជួសជុលផ្លូវ​

22-12-2016 09:56

(កណ្ដាល)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលការឧបត្ថម្ភ កៅស៊ូត្រជាក់ Carboncor Asphalt ចំនួន៧០០តោន ពីក្រុមហ៊ុន Carboncor Vietname និង Sinbodia Enterprise ដើម្បីចូលរួមក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់នៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងក្នុងឱកាសប្រគល់ និងទទួលផលិតផល Carboncor Asphalt ធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ថា ការផ្ដល់ជូននូវកៅស៊ូត្រជាក់ របស់ក្រុមហ៊ុននេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ និងជួយលើកកម្ពស់វិស័យសាធារណការ និងដឹកជញ្ជូន ឲ្យកាន់តែប្រសើរឡើង។

លោកបន្ដថា «កៅស៊ូត្រជាក់នេះ យើងនឹងចាប់ផ្ដើមយកទៅជួសជុល នៅរាជធានីភ្នំពេញមុន ដែលចាប់ផ្ដើមជួសជុល លើស្ពានច្បារអំពៅ និងនៅតាមក្រសួងសាធារណ មុននឹងជួសជុល នៅតាមទីតាំងផ្សេងៗទៀត» ។   

តំណាងក្រុមហ៊ុន Carboncor Vietname  និង Sinbodia Enterprise បានថ្លែងផងដែរថា «យើងខ្ញុំសង្ឃឹម និងជឿជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តា​ស្ថាប័ន​ពាក់ព័ន្ធផ្សេងទៀត នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ បានយ៉ាងទូលំទូលាយទូទាំងប្រទេស ដើម្បីធ្វើឲ្យផ្លូវថ្នល់នៅកម្ពុជា មានសោភ័ណភាពល្អ គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង ទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច និងបរិស្ថាន»

តំណាងក្រុមហ៊ុន  បានឲ្យដឹងថាទៀតថា ផលិតផលកៅស៊ូត្រជាក់នេះ ជាបច្ចេកវិទ្យាថ្មី របស់ប្រទេសអង់គ្លេស ចាប់ផ្តើមអនុវត្តពីឆ្នាំ១៩៩៩ បានប្រើប្រាស់ជាង​៤០ប្រទេសលើពិភពលោក និងមានការទទួលស្គាល់ពីសហគមន៍អឺរុប (EU License) ហើយផលិតផលនេះ អាចប្រើប្រាស់អ៊ុតពីលើ គ្រប់ប្រភេទផ្លូវថ្នល់(ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ) ផ្លូវដីគ្រួសក្រហម អ៊ុតលើផ្លូវ DBST  អ៊ុតលើផ្លូវកៅស៊ូ AC អ៊ុតលើផ្លូវបេតុង ធ្វើការជួសជុលសំបុកមាន់ ដែលធានាបាននូវអាយុកាលប្រើប្រាស់ពី១០-១២ឆ្នាំ ដោយមិនប៉ះពាល់បរិស្ថាន តែទោះបីជាយ៉ាងណា ការសាងសង់គ្រឹះផ្លូវ ត្រូវតែមានគុណភាពរឹងមាំ តាមស្រទាប់នីមួយៗ ដោយគោរពនូវបទដ្ឋានបច្ចេកទេសសាងសង់ និងតាមស្តង់ដារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕