(វ៉ាស៊ីតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មជាតិប្រចាំសេតវិមាន (NTC) និងបានតែងតាំងលោកបណ្ឌិត ភីតឺ ណាវ៉ារ៉ូ (Peter Navarro) ធ្វើជាប្រធានទីមួយនៃក្រុមប្រឹក្សាដែលទើបត្រូវបានបង្កើតឡើងថ្មីមិនធ្លាប់មាននេះ។ នេះបើតាមក្រុមចាត់ចែងកិច្ចផ្ទេរតំណែងរបស់លោក ត្រាំ ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឲ្យដឹងដែរថាលោកបណ្ឌិត ភីតឺ ណាវ៉ារ៉ូ នឹងបំពេញតួនាទីជាជំនួយការរបស់ប្រធានាធិបតី ក៏ដូចជានាយកនៃគោលនយោបាយពាណិជ្ជកម្ម និងឧស្សាហកម្ម។ ដោយឡែក NTC នឹងជួយផ្តល់ជាមតិយោបល់ដល់ប្រធានធិបតីអំពីយុទ្ធសាស្រ្ត សម្រាប់កិច្ចចរចាពាណិជ្ជកម្ម និងមានទីនាទីសម្របសម្រួលជាមួយទីភ្នាក់ងារអាមេរិក ដទៃៗទៀតដើម្បីបង្កើនសង្វាក់ផលិតកម្មឧស្សាហកម្ម ក៏ដូចជាផ្គូរផ្គងពលរដ្ឋអាមេរិកឲ្យត្រូវជាមួយនឹងការងារផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រុមចាត់ការងារផ្ទេរតំណែងរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានលោក សម រង្ស៊ី មេបក្សប្រឆាំងដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេសបានបញ្ជាក់ទៀតថា «ក្រុមប្រឹក្សាពាណិជ្ជកម្មជាតិ នឹងធ្វើការសហការយ៉ាងសកម្មជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ, ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, និងក្រុមប្រឹក្សារៀបចំគោលនយោបាយក្នុងប្រទេសដើម្បីបំពេញទស្សនវិស័យរបស់ប្រធានាធិបតីដែលចង់ឃើញសន្តិភាព និងវិបុលភាពតាមរយៈភាពរឹងមាំនៃវិស័យយោធានិងសេដ្ឋកិច្ច»។
គួរបញ្ជាក់ថាលោក ភីតឺ ណាវ៉ារ៉ូ មានបរិញ្ញាប័ត្រកំរិត Ph.D ផ្នែកសេដ្ឋកិច្ចពីមហាវិទ្យាល័យ Harvard និងជាសាស្រ្តាចារ្យពាណិជ្ជកម្មមួយរូបនៅឯមហាវិទ្យាល័យ California-Irvine ហើយបើយោងតាមសន្និសីទសារព័ត៌មានខាងលើលោកគឺជាបុគ្គលដ៏សំខាន់នៅក្នុងការអភិវឌ្ឍរបៀបវីរៈស្តីពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ។
មុនការបោះឆ្នោតនៅអាមេរិក លោក អៀ សុផល បានប្រកាសជាមុនថា ការឡើងកាន់អំណាចរបស់ លោក ត្រាំ គឺជា «ការក្រោកឡើងរបស់មនុស្សអវិជ្ជា» ហើយថា លោកប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កាសែត Cambodia Daily បានដកស្រង់សម្តីរបស់ លោក អៀ សុផល តាមសារអេឡិចត្រូនិកថា «គាត់ (សម្តេច ហ៊ុន សែន) និង ត្រាំ មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង។ ត្រាំ បង្ហាញពីនិន្នាការយ៉ាងច្បាស់ថា អត្តធិបតេយ្យទាក់ទិនគ្នាយ៉ាងខ្លាំងទៅនឹងរបបផ្ដាច់ការសូម្បីជនហ្វាស៊ីស។ គាត់ស្អប់សារព័ត៌មានចង់ដឹងសារព័ត៌មាន។ គាត់រសើបចំពោះការរិះគន់។ គាត់តែងតែត្រូវជានិច្ចទោះបីជាគាត់ខុសទាំងស្រុងក៏ដោយ។ បើយើងក្រឡេកមើលទៅជុំវិញពិភពលោក មេដឹកនាំដូចគាត់ សុទ្ធតែមាននិន្នាការមិនស្របតាមលទ្ធិប្រជាធិបតេយ្យ»។
ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានហៅលោក ដូណាល់ ត្រាំ ថាមិនមែនជាជាអ្នកប្រជាធិបតេយ្យ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយផងដែរ។ លោក សម រង្ស៊ី ថែមទាំងបាន លើកឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុតចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ។ ប៉ុន្តែនៅពេលនេះបុរសដែលលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ បានក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ៕