(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានជាតិអប់រំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើទី០១ រយៈពេល០៦ខែ (គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងមានការចូលរួមពីសមាជិក បណ្ដាក្រសួងពាក់ព័ន្ធ ព្រមទាំងកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ អនុវត្ដច្បាប់គ្រឿងញៀនជាច្រើននាក់ទៀត។
សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជា អនុប្រធាន។
ក្នុងឆ្នាំ២០១៦នេះ ក្នុងឆ្នាំ២០១៦នេះ នគរបាល និងកងរាជអាវុធហត្ថ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ៤,១៩១ករណី (បទល្មើសប្រើប្រាស់ ១,១១២ករណី), ចាប់បានជនសង្ស័យសរុប ៩,៨០២នាក់ (អ្នកប្រើប្រាស់គ្រឿងញៀន ៣,៦១១នាក់), និងរឹបអូសគ្រឿងញៀន ជាង១៧៥.៧៩៦គីឡូក្រាម៕