(ភ្នំពេញ)៖ យុវជនវៀតណាមម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស៊ើបអង្កេតករណីរួមភេទ ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។ ករណីនេះជាការព្រមព្រៀងរួមភេទ តែដោយសារជនរងគ្រោះជាអនីតិជនអាយុក្រោម១៥ឆ្នាំ ច្បាប់កំណត់ថា ទោះព្រមព្រៀងក៏មានទោសដែរ។
លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បញ្ជាក់នៅព្រឹកថ្ងៃទី២២ ខែធ្នូថា លោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនយុវជនឈ្មោះ ប៊ែ តឹង ហៅសីហា អាយុ១៩ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ» តាមមាត្រា៤២ ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅម៉ោងប្រមាណ១០៖៣០នាទីយប់ ក្មេងស្រីរងគ្រោះបានសម្រាកនៅផ្ទះតែម្នាក់ឯង។ ពេលនោះជនសង្ស័យ ឈ្មោះ ប៊ែ តឹង ដែលជាអ្នកស្គាល់គ្នាបានមកផ្ទះជនរងគ្រោះនិយាយសុំស្រឡាញ់ និងសុំរួមភេទ ដោយសន្យាចូលស្តីដណ្តឹងធ្វើជាប្រពន្ធ។ ពេលនោះក្មេងស្រីរងគ្រោះ ក៏បានយល់ព្រមរួមភេទជាមួយ បានសម្រេចមួយលើក។
លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅម៉ោងប្រមាណ១២៖៣០នាទីថ្ងៃត្រង់ ឈ្មោះ ផន រុំ បានឃើញទឹកមុខជនរងគ្រោះ ស្លេកស្លាំង ខុសពីធម្មតាមានការសង្ស័យ បានសួរដេញដោលជាច្រើនលើក ទើបក្មេងស្រីរងគ្រោះ ព្រមនិយាយប្រាប់ពីរឿងហេតុដែលបានរួមភេទ ជាមួយជនសង្ស័យឈ្មោះ ប៊ែ តឹង។ បន្ទាប់មកម្តាយជនរងគ្រោះ និងក្រុមគ្រួសារ បានទៅនាំខ្លួនជនសង្ស័យ ប៊ែ តឹង ហៅសីហា ដែលកំពុងស្នាក់នៅទូកមាត់ទន្លេបាសាក់ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ចាក់អង្រែលើតែម្ដង៕