(ភ្នំពេញ)៖ បន្ទាប់ពីបានដឹងថា មានកុមារម្នាក់ឈ្មោះ ខែង ស៊ីវឡាង អាយុទើបបាន ២ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានទទួលរងគ្រោះថ្នាក់ដោយសារជុងភ្នែកខាងស្តាំនឹងដងស្លាបព្រាបាយ ហើយជីវភាពគ្រួសារមានការលំបាកទៀតនោះ នៅរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកា ៥លានរៀល ទៅជូនដល់គ្រួសារកុមាររងគ្រោះនោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។
លោក ខែង សុឃាន់ អាយុ ៣៧ឆ្នាំ និងអ្នកស្រី ណុប រស្មី អាយុ ២៥ឆ្នាំ ប្រកបរបរលក់ឆាក្វ័យទាំងពីរនាក់ ត្រូវជាឪពុកម្តាយរបស់កុមាររងគ្រោះនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមិននឹកស្មានថាបានការសណ្តោសប្រណីពី សម្តេច នោះទេ ព្រោះថវិកាទាំងនេះ នឹងជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងធ្លាក់ដុនដាប និងជាទុនសម្រាប់ប្រកបរបរចិញ្ចឹមកូនតទៅថ្ងៃមុខផងដែរ។
ទន្ទឹមនឹងប្រសាសន៍ផ្តាំសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកស្រី អគ្គលេខាធិការរងទី ១ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ជួយវះកាត់ ព្យាបាល និងដាក់កែវភ្នែកដល់កុមាររងគ្រោះដោយមិនគិតថ្លៃ។ លោកស្រី បានមានប្រសាសន៍បន្តថា ថវិកានេះ គឺជាការរួមចំណែករបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកក្នុងជីវភាព ព្រោះក្នុងរយៈពេលកំពុងព្យាបាលកូន ឪពុកម្តាយប្រកបរបរអ្វីមិនបានទេ ដែលត្រូវការចំណាយលើការហូបចុច ពិសេស អាហាររូបត្ថម្ភដល់កុមារឲ្យបានគ្រប់គ្រាន់ដើម្បីឆាប់ជាសះស្បើយឡើងវិញ៕